ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ បាន​ទាញ​កាំបិត​បុ័ងតោ កាប់​ទៅ​លើ​បុរស​ម្នាក់​ទៀត ចំ​២​កន្លែង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ករណី​ហិង្សា​ដោយ​ចេតនា មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ មក​រា ២០១៩ នៅ​ចំណុច​វិទ្យាស្ថាន​ថ្លុក​តា​សេក កងទ័ពជើងគោក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

ស្ត្រី​ជា​ជនសង្ស័យ​ដែល​កាប់​គូទំនាស់​ចំនួន​២​កាំបិត និង​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន មានឈ្មោះ​វ៉ែន ផល្លា អាយុ​៣៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​លំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​បុរស​ជា​ជន​រង​គ្រោះ មានឈ្មោះ​អ៊ឺ​ម ពៅ អាយុ​៣៧​ឆ្នាំ មុខរបរ​ជា យោធា​ចា​រ្យ (​គ្រូបង្ហាត់​នាយទាហាន​) នៅ​វិទ្យាស្ថាន​ថ្លុក​តា​សេក កងទ័ពជើងគោក ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ និង​ជន​ដៃដល់ បាន​កើត​មាន​ទំនាស់​ពាក្យ​សម្តី នឹង​គ្នា​យ៉ាង​តឹងសរសៃក តែ​មិនដឹង​ថា អ្នក​ទាំង​ពីរ ឈ្លោះ​គ្នា​ពី​រឿង​អ្វី​នោះ​ទេ​។ ស្រាប់តែ​បន្តិច​ក្រោយមក ស្ត្រី​សង្ស័យ​ខាងលើ ក៏​ស្ទុះ​ទៅ​ទាញ កាំបិតប៉័ងតោ កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ ចំនួន​២​កាំបិត ត្រូវ​ចំនួន​២​កន្លែង ក្នុង​នោះត្រូវ​ចំ​ស្មា​ខាងស្តាំ​១​កន្លែង និង​ត្រូវ​ដៃ​ខាងស្តាំ​១​កន្លែង បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់​ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ ត្រូវ​បាន​អង្គភាព​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ​ពេទ្យ​១៧៩ នៅ​ឯ​រាជ ធានី​ភ្នំពេញ ។

ដោយឡែក ស្ត្រី​សង្ស័យ ត្រូវ​បាន​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៤០៣ ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​សួរនាំ និង​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕