ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ មករា ២០១៩ នេះ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ការ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ លែង​អនុញ្ញាត​ឲ្យ​មាន​ទៀត​ហើយ ។ ការ​បិទ​បញ្ចប់ ការ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​នេះ ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​កម្រិត​ខ្ពស់ ។

លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​ជាមួយ​យន្តការ​រដ្ឋបាល និង​បច្ចេកវិទ្យា​ថ្មី ការ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្ដាំ ត្រូវ​តែ​បញ្ឈប់​ទាំងស្រុង ចាប់ពី​ពេល​នេះ​តទៅ ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​នៅ​កម្រិត​អប្ប​បរិ​មា ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ។

ដូច្នេះ ការ​បិទ​បញ្ចប់​ការ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ តាម​គោលការណ៍​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល គឺជា​យន្តការ​មួយ​ប្រយុទ្ធ​ប្រឆាំង នឹង​ក្រុម​ជនខិលខូច ពិសេសមន្ត្រីមួយចំនួន ដែល​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​គេ​លួច​នាំ​យក​រថយន្ត​ចង្កូត​ស្តាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា បន្ត​បន្ទាប់ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់ ចូល​ទៅ​ធ្វើ​ស្លាក​លេខ និង​បង់ពន្ធ​ទៅ​តាម​ការ​កំណត់ ហើយ​អនុគ្រោះ​ដល់​ពួក​គេ​មិន​ឲ្យ​កែ​ចង្កូត​ថែម​ទៀត​ផង​ ។ ទន្ទឹម​គ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ហាម​មិន​ឲ្យ​មានការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ ទៀត​នោះ​ឡើយ ​។

ទោះជា​យ៉ាងណា គេ​នៅ​តែ​ឃើញ​វត្តមាន​រថយន្ត​ចង្កូត​ស្តាំ មាន​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​រថយន្តស៊េរី​ទំនើប ឆ្នាំ​ខ្ពស់​ៗ​តែ​ម្តង ដោយសារ​ក្រុម​ឈ្មួញ​ឱកាសនិយម បន្លំ​ត្រីងៀត​ឆ្លៀត​ពង ទំនង​មានការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជាមួយ​មន្ត្រី​ខិលខូច លួចលាក់​អោយ​ចូល​បន្ថែម​ទៀត ចែក​លុយ​គ្នា​ធ្វើ​មាន ធ្វើ​បាន ។

អ្នក​ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ដេក​ក៍​មិន​លក់ បក់​ក៍​មិន​ល្ហើយ ព្រោះ​ខំ​ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ ទិញ​ឡាន​ចង្កូត​ស្តាំ​ជិះ​ព្រោះ​វា​ធូរ​ថ្លៃ តែ​ឥឡូវ​ត្រូវ​ក្រសួង​ប្រកាស​បិទ​បញ្ឈប់​ទាំងស្រុង ចុះបញ្ជី​រថយន្ត​ចង្កូត​ស្ដាំ ចាប់ពី​ពេល​នេះ​តទៅ ។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ សាខា​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ បាន​ចុះ​ឃាត់​រថយន្ត​ទំនើប​ចង្កូត​ស្តាំ គ្មាន​ពន្ធ​២​គ្រឿង ម៉ាក Toyota Vellefire ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧ នៅ​ភូមិសាស្ត្រ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រថយន្ត​ទំនើប​ចង្កូត​ស្តាំ បន្លំ​ពន្ធ​ទាំង​អស់នេះ ត្រូវ​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ ដោយ​មិន​មានការ​ដោះស្រាយ​បង់​ជា​ប្រាក់​ពិន័យ ហើយ​ឲ្យ​ម្ចាស់​យក​ទៅ​វិញ​ឡើយ លទ្ធផល​ចុង​ក្រោយ​អ្នកទិញ​អាច​ទឹកភ្នែក ។

ជាមួយ​គ្នា​នេះ សាខា​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ នឹង​បន្ត​យុទ្ធនាការ​ការងារនៅ​ក្នុង​រាជធានី​ភ្នំពេញ អោយ​ដូច​ភ្លៀងរលឹម និង​កាន់តែ​ខ្លាំង​ផង​ដែរ ៕