សិល្បៈ៖ ក្រោយពីពិធីបុណ្យសព និងបុណ្យខួបគម្រប៧ថ្ងៃរបស់កញ្ញាខេមរៈ ស្រីពៅបានចប់សព្វគ្រប់ហើយក្តី ប៉ុន្តែលោកខេមរៈ សិរីមន្ត ក្រោយពេលបាត់បង់ប្អូនស្រីជាទីស្រលាញ់សំឡេងយំសោកក្តុកក្តួលឆួលពេញដើមទ្រូងនៅមិនទាន់រលុបបាត់នៅឡើយ ដោយកំពុងមានទុក្ខដ៏ក្រៀមក្រំជាទម្ងន់ លោកខេមរៈ សិរីមន្ត បានប្រកាសថា លោកនិងធ្វើការកាន់ទុក្ខសពប្អូនស្រីចំនួន១០០ថ្ងៃ ហើយមិនទទួលការច្រៀង ឬសម្តែងរបស់បណ្តា ក្រុមហ៊ុនមួយចំនួនឡើយ ។

តាមរយៈការបង្ហោះប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន លោកខេមរៈ សិរីមន្ត បានបញ្ជាក់ថា “ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន១០០ថ្ងៃ និងមិនទទួលការច្រៀង ឬសម្តែងឡើយ ហើយសូមអរគុណដល់បណ្តាក្រុមហ៊ុនទាំងអស់ដែលបានយោគយល់ដល់រូបខ្ញុំបាទ ដែលកំពុងតែមានទុក្ខក្រៀមក្រំជាទម្ងន់ដោយលុបចោល ខនសឺត ហើយមិនមានការសងការខូចខាតឡើយសូមអរគុណ”។
គួររម្លឹកថា កញ្ញាខេមរៈ ស្រីពៅ បានចែកឋានទៅកាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៩ គិតមកដល់ថ្ងៃទី៣០ មករា ឆ្នាំ២០១៩គឺជាគម្របពិធីបុណ្យ៧ថ្ងៃរបស់កញ្ញាខេមរៈ ស្រីពៅ ៕

សហការី KBN