មណ្ឌលគិរី ៖ បុរស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ ក្រោយ​ខ្មាន់កាំភ្លើង​(​មិន​ស្គាល់​មុខ​)​ក្រុម​សត្វព្រៃ បាន​បាញ់ប្រហារ នៅ​ព្រលឹម​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ក្នុង​តំបន់​ការពារ​សត្វព្រៃ​ស្រែ​ពក ចំនុច​ត្រពាំង​កកោះ ក្នុងភូមិ​ជី​មៀត ឃុំ​ណ​ង​ឃី​ណឹ​ង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ប្រភព​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចេ​ង ច​ន្ធី ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​ទម្លុះ​ចំ​គូទ​ខាងស្តាំ ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ មន្ត្រី​ដែល​រង​របួស ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ ។

ក្នុង​ករណី​ផ្ទុះអាវុធ​ដាក់​គ្នា​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ខាងលើ​នេះ មិន​មាន​ប្រភព​ណាមួយ បញ្ជាក់​ឲ្យ​ច្បាស់​ថា ផ្តើម​ឡើង​ដោយ​រឿង​អ្វីខ្លះ​នោះ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​មន្ត្រី​នៃ​មន្ទី​បរិស្ថាន​ខេត្ត បាន​ឲ្យ​ថា ផ្តើម​ចេញពី​ក្រុម​អ្នក​ឆ្លុះ​សត្វ​កំពុង​ធ្វើ​សកម្មភាព​ប្រមាញ់​សត្វ ពើបប្រទះ​គ្នា​ជាមួយ​មន្ត្រី​ឧទ្យាន​នុ​រក្ស ដែល​កំពុង​ល្បាត ក៏​មានការ​ប្រទូស​សា​រ៉ា​យ​នេះ​កើតឡើង​តែ​ម្តង ខណៈ​ស្ថានភាព​កាន់តែ​ឡើងក​ម្តៅ មាន​គ្រាប់កាំភ្លើង​បាន​ហោះ​ត្រូវ​ចំ​គូថ​ផ្នែក​ខាងស្ដាំ​មន្ត្រី​បរិស្ថាន​ម្នាក់ បណ្តាល​ឱ្យ​ដេក​ដួល​តែ​ម្តង ។

ក្រោយ​កើតហេតុ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជា​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​អង្គភាព រួម​ទាំង​មន្ត្រី​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ឲ្យ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ រក​អ្នក​បង្កហេតុ និង​ធាតុ​ផ្សំ​របស់​វា ចំពោះ​ករណី​ផ្ទុះអាវុធ​រវាង​ក្រុម​អ្នក​បរបាញ់​សត្វព្រៃ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នេះ ដើម្បី​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ៕