កំពង់ចាម៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដោយអញ្ជើញមន្ទីរពាក់ព័ន្ធ ក្រុមហ៊ុន ឬឈ្មួញប្រមូលទិញស្រូវ ដើម្បីសិក្សាអំពីបញ្ហាស្រូវចុះថ្លៃ។

ការសម្រេចយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ដែលរៀបចំធ្វើឡើង នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។

យោងតាម Facebook ផ្លូវការរបស់លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកបញ្ហាតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះនាពេលនេះ មកពិភាក្សា និងធ្វើការណែនាំដល់មន្ត្រីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យរៀបចំកិច្ចប្រជុំជាបន្ទាន់ ដោយអញ្ញើញមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមហ៊ុន ឬឈ្មួញប្រមូលទិញស្រូវ ពិសេសអភិបាលនៃគណអីបាលខេត្ត ដើម្បីសិក្សាពីមូលបញ្ហា រួចដាក់ចេញនូវយន្តការដោះស្រាយ និងចុះអន្តរាគមន៍ជូនប្រជាពលរដ្ឋជាបន្ទាន់ ជាពិសេសទប់ស្តាត់ឱ្យបាននូវវិទ្ធង្សនាសេដ្ឋកិច្ច ដែលបង្កឡើងដោយជនអគតិ ដែលយកហេតុផលនៃការធ្លាក់ចុះតម្លៃស្រូវនាពេលនេះ គឺបណ្តាលមកពីសហភាពអឺរ៉ុបយកពន្ធនាំចូលអង្ករ ពីកម្ពុជាចំនួន ២០០ដុល្លារក្នុង១តោន»។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រសួងកសិកម្មទើបបានចេញសេចក្តីណែនាំ ដោយដាក់ចេញនូវវិធានការលើកកម្ពស់ ផលិតកម្ម និងធុរកិច្ចស្រូវអង្ករ ក្រោយពេលដែលគណៈកម្មការអឺរ៉ុប សម្រេចយកពន្ធលើអង្កររបស់កម្ពុជា។

សេចក្តីណែនាំរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ដើម្បីលើកកម្ពស់ធុរកិច្ចស្រូវអង្ករ ពិសេសការជួយអន្តរាគមន៍ ទប់ស្កាត់សភាពការណ៍នៃការធ្លាក់ចុះនៃតម្លៃស្រូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចដាក់ចេញនូវវិធានការណែនាំចាំបាច់មួយចំនួន សម្រាប់អនុវត្តបន្ទាន់ដូចខាងក្រោម៖

១៖ អង្គភាពជំនាញក្រោមឱវាទ ក្រសួងត្រូវបន្តការស្រាវជ្រាវបញ្ចេញ ប្រភេទពូជស្រូវក្រអូបប្រណិត និងផលិតកម្មគ្រាប់ពូជស្រូវក្រអូបសុទ្ធ តាមរយៈការផលិតនៅថ្នាក់សហគមន៍ និងក្រុមកសិករផលិតគ្រាប់ពូជ ធ្វើយ៉ាងណាឱ្យមានគ្រាប់ពូជគ្រប់គ្រាន់ និងតម្លៃសមរម្យ ដើម្បីពង្រីកផលិតកម្មស្រូវក្រអូប។ ជាមួយគ្នានេះស្នើវិស័យឯកជន ចូលរួមដាក់ទុនវិនិយោគក្នុងការផលិតគ្រាប់ពូជស្រូវក្រអូប ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ។

២៖ ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃដើមផលិតកម្ម ត្រូវជំរុញឱ្យបានខ្លាំងក្លាបន្ថែមទៀត នូវវិធានការបច្ចេកទេសផលិតកម្ម ដែលទទួលបានទិន្នផលខ្ពស់ និងចំណាយតិច រួមជាមួយនឹងការអនុវត្តទំនើបភាវូបនីយកម្មកសិកម្ម។ ជាមួយគ្នានេះ ត្រូវបានពិនិត្យកាត់បន្ថយថ្លៃចំណាយ លើការធ្វើធូបនកម្ម តាមរយៈការបង្កើនចំនួនក្រុមហ៊ុន ដែលមានសមត្ថភាពចូលរួមធ្វើការងារនេះ ឱ្យបានច្រើនមានការប្រកួតប្រជែង និងយកកម្រៃសេវាទាបជាងមុន។ ក្នុងន័យនេះ អគ្គនាយកដ្ឋានកសិកម្ម ត្រូវពិនិត្យសិក្សាឱ្យបានហ្មត់ចត់ និងជំរុញការងារនេះឱ្យបានឆាប់។ ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការនាំចូលជីកសិកម្ម ថ្នាំកសិកម្មឱ្យបានលឿននិងមានប្រសិទ្ធភាពជាងមុន នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវសម្រួលបែបបទការនាំចូលជីកសិកម្មថ្នាំកសិកម្ម និងសម្ភារកសិកម្មដទៃទៀតឱ្យកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ ត្រូវរៀបចំក្រុមការងារបច្ចេកទេសចម្រុះ ចុះពិនិត្យគុណភាពជីគីមីកសិកម្ម និងថ្នាំកសិកម្ម ដើម្បីធានាពីគុណភាពស្របតាមស្តង់ដារកំណត់។

៣៖ អ្នកប្រមូលទិញស្រូវ ត្រូវបន្តធ្វើការទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានឥណទាន ប្រមូលទិញស្រូវពីកសិករ សហគមន៍កសិកម្ម និងមិនត្រូវយកហេតុផលនៃការដាក់វិធានការការពារទីផ្សាររបស់សហគមន៍អឺរ៉ុប មកទម្លាក់ថ្លៃទិញស្រូវពីកសិករឡើយ។ ក្រុមហ៊ុននាំចេញអង្ករ ត្រូវពិនិត្យនិងធានាគុណភាពអង្ករក្រអូបឱ្យបានសុទ្ធល្អមិនត្រូវលាយបន្លំអង្ករប្រភេទផ្សេង ដែលនាំឱ្យអតិថិជនបាត់បង់ជំនឿលើគុណភាពអង្ករក្រអូបកម្ពុជា។

៤៖ សហព័ន្ធស្រូវអង្ករកម្ពុជា គួរយកចិត្តទុកដាក់ជំរុញឱ្យសមាគមន៍ម៉ាស៊ីនកិនស្រូវ ខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករ ឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើឱ្យទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន ដែលមានរហូតដល់៤០ម៉ឺនតោន នាពេលបច្ចុប្បន្ននេះ។ លើសពីនេះទៀត សហព័ន្ធស្រូវអង្ករកម្ពុជា គួរពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួន ដើម្បីពិនិត្យលើបញ្ហាប្រឈមពីផលប៉ះពាល់ នៃការដាក់វិធានការការពារទីផ្សារអង្កររបស់សហគមន៍អឺរ៉ុប រួចលើកសំណើ ឬសំណូមពរមកក្រុមការងារផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិនិត្យ និងរកដំណោះស្រាយតាមការចាំបាច់៕ សហការី KBN