ថៃ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីនារីម្នាក់ចោទថាបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភនាងនៅក្នុងបន្ទប់ដេក តែមិនបានសម្រេច ដែលករណីនេះបានកើតឡើងនៅស្រុកមនោរម្យ ខេត្តឆៃណាត ប្រទេសថៃ ។ ជនរងគ្រោះមានអាយុ ៣៦ឆ្នាំ ចំណែកជនសង្ស័យមានអាយុ ២៤ឆ្នាំ ។

យោងតាមប្រភពបានឲ្យដឹងថា មុនថ្ងៃកើតហេតុ កាលពីថ្ងៃទី ១៤ ខែមករា កន្លងទៅនេះ គេបានឃើញជនសង្ស័យដើរចេញចូលក្បែរផ្ទះរបស់ជនរងគ្រោះ រហូតដល់ថ្ងៃកើតហេតុ ថ្ងៃទី ២៥ ខែមករា ជនសង្ស័យបានចូលទៅសម្ងំក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពចាប់ខ្ទប់មាត់ជនរងគ្រោះ ខណៈពេលដែលនាងកំពុងដេកលង់លក់ តែភ្លាមៗនោះ នាងបានរើបម្រាស់ ស្រែកផ្អើលអ្នកក្នុងផ្ទះ ហើយជនសង្ស័យក៏បានរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននិយាយថា តាមពិតខ្លួនគ្រាន់តែចង់ប្លន់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ពុំមានគំនិតចាប់រំលោភឡើយ ។ មុនធ្វើសកម្មភាពខ្លួនបានចូលទៅពួនក្នុងបន្ទប់របស់ជនរងគ្រោះ ដើម្បីរង់ចាំឲ្យអ្នកក្នុងផ្ទះដេកលក់អស់ នឹងចេញធ្វើសកម្មភាព ហើយពេលចេញធ្វើសកម្មភាព ខ្លួនក៏បានចាប់បិទមាត់ជនរងគ្រោះដើម្បីកុំឲ្យស្រែក តែសំណាងអាក្រក់នាងក៏បានស្រែកធ្វើឲ្យផ្អើលមនុស្សក្នុងផ្ទះ រហូតដល់ភ្នាក់ស្នៀតគេចាប់ខ្លួនបានតែម្ដង ។

យ៉ាងណាមិញ ក្រោយពេលឃាត់ខ្លួនជនសង្ស័យប៉ូលិសបានឲ្យដឹងថា ជមសង្ស័យអាចនឹងជាប់ទោសចំនួន ២ករណី ពីបទបលួចចូលផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាត និងបទធ្វើបាបរាងកាយអ្នកដទៃ ដែលត្រូវជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០០០បាត (ជាង ៣០០ដុល្លារ) ៕
សហការី KBN
ប្រភព៖ khaosod