រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​ដុត​ស្មៅ​នៅ​លើ​ដី​វាល បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ឆេះ​រាលដាល​ដល់​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង​ដែល​នៅ​ជាប់​របង​ពន្ធនាគារ​ព្រៃ​ស ភ្ញាក់ផ្អើល​ដល់​​អ្នក​ភូមិផង​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥ មក​រា​២០១៩ នៅ​ជិត​ពន្ធនាគារ​ព្រៃ​ស ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​កំ​រៀង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ និយាយ​ប្រាប់​ថា អគ្គិភ័យ​នេះ សង្ស័យ​បណ្តាល​មក​ពី​មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ស្មៅ ទើប​ឆេះ​រាលដាល​ដល់​ឃ្លាំង​ស្តុ​ប​អេ​ត​ចាយ ។

ទោះជា​យ៉ាងណា ករណី​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ ហើយ​សម្ភារៈ​អេ​ត​ចាយ​ដែល​ឆេះ​នោះ នៅ​មិន​ទាន់​ដឹង​ថា​មាន​ទំហំ​នៃ​ការ​ខូចខាត​ប៉ុណ្ណា​នៅឡើយ ។

សូម​បញ្ជាក់​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ចេញ​មក​អន្តរាគមន៍ ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា ៕