រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​មួយ​ដ៏​ក្រៀមក្រំ​បំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​តារាចម្រៀង​លោក ខេមរៈ សេរី​មន្ត ផង ខណៈ​ដែល​ប្អូនស្រី​បង្កើត​របស់​លោក​គឺ​តារាចម្រៀង​ខេ​មរ​: ស្រី​ពៅ បាន​លាចាក​លោក​នេះ​ហើយ នៅ​ម៉ោង​១​សៀ​ល​ថ្ងៃ ទី​២៥ មក​រា ២០១៩​នេះ ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ឯ​ប្រទេស​ឥណ្ឌា ។

សព​តារាចម្រៀង ខេមរៈ ស្រី​ពៅ នឹង​ត្រៀម​រៀបចំ​ដឹក​ប​ញ្ចូ​ន​ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ នា​ពេល​ខាង​មុខ​នេះ ។

ក្រុម​គ្រួសារ​របស់​លោក ខេមរៈ សិរីមន្ត បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ថា តាម​ការ​ពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ យូរណាស់​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ ។

កន្លង​ទៅ​ថ្មី​ៗ​នេះ តារាចម្រៀង ខេមរៈ ស្រី​ពៅ ធ្លាប់​បាន​ប្រកាសប្រាប់​មហាជន​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Khemarak Sereypov ថា នឹង​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ ក្រោយ​ពី​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ នាង​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក​ថា «​បងប្អូន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​គ្នា ប្រាកដជា​នៅ​រង់ចាំ​នាង​ខ្ញុំ ឲ្យ​មក​ចូល​សិល្បៈ​វិញ កុំ​បារម្ភ​អី​ណា នាង​ខ្ញុំ​ប្រាកដជា​ចូល​សិល្បៈ​វិញ ចង់​និយាយ​ថា​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា កុំ​ភ្លេច​ជួយ Like Comment និង Share បន្ត​ដើម្បី​ឲ្យ​បងប្អូន​បានដឹង​អស់​គ្នា​» ។

ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​នាង នៅ​មិន​ទាន់​បាន​ធូរស្បើយ​នៅឡើយ ស្រប​ពេល​ដែល​អ្នកគាំទ្រ​នាង​ជា​ច្រើន បាន​ជូនពរ​ឲ្យ​នាង​មាន​សុខភាព​ល្អ និង​ទទួល​ការ​វះកាត់​ដោយ​ជោគជ័យ ។

បើ​តាម​លោក ខេមរៈ សិរីមន្ត វិញ​ក៏​បាន​បង្ហោះ​រូបថត​ប្អូនស្រី​មួយ​សន្លឹក​លើ​ហ្វេ​ស​បុក ដោយ​រៀបរាប់​ថា «​ជា​ច្រើន​ឆ្នាំ​មកនេះ ប្អូនស្រី​ដ៏​កំសត់​ម្នាក់​នេះ មិន​ដែល​ចង់​ឃើញ fan​ដែល​គាំទ្រ​គាត់ ពិបាកចិត្ត ព្រោះតែ​ស្ថានភាព​ជំងឺ​របស់​គាត់​ឡើយ គាត់​ចង់​ឃើញ fan គាត់​រីករាយ​គ្រប់ពេលវេលា​… តែ​ក្នុង​នាម​ខ្ញុំ​ជា​បងប្រុស​របស់​គាត់ ចង់​ប្រាប់​បងប្អូន​ទាំងអស់​គ្នា​ថា នៅ​ពេល​ខាង​មុខ​នេះ​គាត់​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​មួយ​… ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ បើ​បងប្អូន​ស្រលាញ់ នឹង​គាំទ្រ​គាត់ ជូនពរ​គាត់​ឲ្យ​ឆ្លង​ផុត​គ្រោះ​នេះ​ផង ដើម្បី​គាត់​មាន​សុខភាព​ល្អ មក​បំពេញការងារ​សិល្បៈ​វិញ​ណា » ៕

ចូលរួមរំលែកទុក្ខផង! តារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណៈភាពហើយ