ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់​! គិត​មក​ត្រឹម​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​ហើយ ដែល​ជំងឺ​មួយ​នេះ​ជា​«​ឃាតក​ស្ងប់ស្ងាត់​» បាន​និង​កំពុង​បំផ្លាញ​ជីវិត នារី​ម្នាក់ វ័យ​២៩​ឆ្នាំ រស់នៅ​ទាំង​វេទនា រីងរៃ ពិបាក​ក្រៃ​លែង ពុំ​អាច​ទទួលទាន​ទឹកបាន​ដូច​មនុស្ស​ទូទៅ ខ្វះ​ឈាម​ផង និង​គ្មាន​ថវិកា​សម្រាប់​លាង​ឈាម​ផង រហូត​ដល់​ក្រុម​គ្រួសារ​លក់​ទ្រព្យសម្បត្តិ​គ្មាន​សល់ អស់​លទ្ធភាព​ទៅ​ហើយ ។

ផេ​ន ចិន្តា អាយុ​២៩​ឆ្នាំ នាង​មាន​ជំងឺ​ខូច​តម្រងនោម (​ឬ​ដែល​គេ​ស្គាល់​ថា ជំងឺ​ខូច​ក្រលៀន​) ដោយ​មិនដឹង​ខ្លួន ប្រមាណ​ជា​ពីរ​ឆ្នាំ​មក​ហើយ ដោយ​មិន​អាច​ប្រកបការងារ ឬ​រកស៊ី​ទទួល​ដូច​មនុស្ស​ទូទៅ​បាន ដោយហេតុ​ថា កញ្ញា​ត្រូវ​លាង​ឈាម​មួយ​អាទិត្យ​២​ដង ព្រោះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​វះកាត់​ប្តូរ​ក្រលៀន​នោះ​ទេ លើកលែងតែ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​លើសលប់ ។

នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពុំ​ទាន់​អាច​វះកាត់​ប្តូរ​តម្រងនោម ឬ​ក្រលៀន​នៅឡើយ​ទេ ។ ដូចនេះ​វិធីសាស្ត្រ​ដែល​គេ​អាច​ធ្វើ​បាន​គឺ​ការ​លាង​ឈាម ។ មជ្ឈមណ្ឌល​លាង​ឈាម ក៏​នៅ​មាន​ចំនួន​តិចតួច ហើយ​អ្នកឯកទេស​ជំងឺ​តម្រងនោម​នៅ​មាន​កម្រិត​តិចតួច ។ ជា​ហេតុ​ធ្វើ​អោយ ផេ​ន ចិន្តា ត្រូវ​ចំណាយ​បន្ថែម​លើ​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ ពី​ខេត្តតាកែវ មក​ភ្នំពេញ ។ ហើយ​ការ​លាង​ឈាម​មួយ​ដង​ត្រូវ​ចំណាយ​៥០​ដុល្លារ ។

នាពេលថ្មីៗនេះ កញ្ញាអស់លទ្ធភាពប្រយុទ្ធប្រឆាំងនឹង​«​ឃាតក​ស្ងប់ស្ងាត់​»បន្តទៀត តាម​រយៈ​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​មានឈ្មោះ Phen Chenda បាន​អំពាវនាវ​ដល់​សប្បុរសជន​តាម​រយៈ​វី​ដេ​អូ​មួយ ​ទាំង​ក្រៀមក្រំ​ ថា «​នាង​ខ្ញុំ ឈ្មោះ ផែន ចិន្តា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ ភូមិ​សូ​ទៃ ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ សព្វថ្ងៃ​នាង​ខ្ញុំ​មាន​ជំងឺ​ខូច​តម្រងនោម​ឣ​ស់​រយៈពេល​២​ឆ្នាំ​ជាង​មក​ហើយ ។ តែ​ឥឡូវ​នាង​ខ្ញុំ​ពុំ​មាន​លទ្ធភាព​ដូរ​ក្រលៀន ឫ​ព្យាបាល​នៅ​ពេទ្យ​បន្ត​ឡើយ ព្រោះ​ការ​ចំណាយ​លើ​ការ​ព្យាបាល​លើ​ជំងឺ​នេះ​វា​ថ្លៃ​ពេក (​ប្រមាណ​ជាង​៥០០​ដុល្លារ​ទៅ​៦០០​ដុល្លារ​ក្នុង​មួយ​ខែ​) ហើយ​គ្រួសារ​ក៏​អស់​លទ្ធភាព​ហើយ ព្រោះ​ម្តាយ​នាង​ខ្ញុំ​ជា​ជន​ពិការ​ភ្នែក រយៈ​១០​ឆ្នាំ ។ ការ​ព្យាបាល​នៃ​ជំងឺ​នេះ​នាង​ខ្ញុំ​ត្រូវធ្វើ​ការ​លាង​ឈាម​(២​ដង​ក្នុង​មួ​យស​ប្តា​ហ៌​) ហើយ​មួយ​ដង​ត្រូវ​ចំណាយ​៥០​ដុល្លារ មិន​គិត​ប​ញ្ជូ​ល​លើ​ថ្លៃ​ថ្នាំពេទ្យ និង​ការ​ពិនិត្យ​ផ្សេង​ៗ​ឡើយ ។ ដោយហេតុ​ដូចនេះ សូម​បង​ប្ឣូ​ន​ក្នុង​ប្រទេស និង​ក្រៅប្រទេស មេត្តា​បន្តជួយ​ដល់​រូប​នាង​ខ្ញុំ ដោយ​ក្តី​អនុគ្រោះផង ។ ជំនួយ​បង​ប្ឣូ​ន​ទាំង​ឣ​ស់​គ្នា​ គឺជា​ការ​ផ្តល់​ជីវិត​រស់នៅ​បន្ត​ដល់​រូប​នាង​ខ្ញុំ ។ ជា​ចុង​ក្រោយ បើ​បង​ប្ឣូ​ន​ពូ​មីង ចង់​ផ្តល់​ជំនួយ ដល់​រូប​នាង​ខ្ញុំ សូម​ទាក់ទង​មក​កាន់​លេខ​នាង​ខ្ញុំ​ផ្ទាល់ គឺ​លេខ​ទូរស័ព្ទ​លេខ 070 595939 » ។

សូម​បញ្ជាក់​ថា កន្លង​មក​ក៏​មាន​សប្បុរសជន​បាន​ជួយ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ដោយ​សារជំនួយមិន​គ្រប់​តាម​តម្រូវការ​នៃ​ការ​ចំណាយ​ខ្ពស់​នោះ និង​ជីវភាព​ខ្វះខាត​ទៀត ទើប​ ផែន ចិន្តា អំពាវនាវ​សប្បុរសជន ឲ្យ​បន្ត​ជួយ​តាម​សទ្ធា​ផង​ចុះ ៕