ភ្នំពេញ៖ មនុស្ស២ក្រុមបាននាំគ្នាចូលផឹកស៊ី អង្គុយសាឡុងជិតគ្នា ខណៈពេលស្រវឹងរៀងខ្លួន ក៏បានឌឺដងដាក់គ្នាផ្ទុះហិង្សាវាយគ្នា ផ្អើលភ្ញៀវរត់ពេញហាងKTV ហ្គោលឌីន ស៊ីធី២ ត្រូវម្ចាស់ហាងចាក់សោជាប់ ប្តឹងសមត្ថកិច្ចមកអន្តរាគមន៍ កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងយីហោ KTV ហ្គោឌីន ស៊ីធី២ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន ពីប្អូនម្ចាស់ហាង បានឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្ស២ក្រុមដោយម្ខាងមានគ្នា៦នាក់ និងម្ខាងទៀតមានគ្នា៤នាក់ បានចូលមកផឹកស៊ីនិងអង្គុយសាឡុងជាប់គ្នា។ សាក្សីបានបន្តថា ក្រោយពីផឹកស្រវឹងធ្លាក់ភ្នែកបន្តិច មិនដឹងជា មូលហេតុអីទេ ស្រាប់តែផ្ទុះហិង្សាដាក់គ្នា វាយគ្នាទៅវិញទៅមក ចានហោះកែវហើរ បង្កអោយភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងទៀត រត់ជាន់ជើងគ្នា និងធ្វើអោយមានរងរបួសតិចតួចទាំងសងខាង ភ្លាមនោះដោយសារតែ បែកកែវចានច្រើនទើបម្ចាស់ហាង បានទាញទ្វារបិទមិនអោយចេញក្រៅទាំងសងខាង រួចរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយកើតហេតុ លោកនាយប៉ុស្តិ៍ចាក់អង្រែ បានចុះមកដល់ធ្វើការសម្របសម្រួល មួយសន្ទុះក្រោយមកទើបចេញមកខាងក្រៅវិញ ហើយបានបញ្ជាក់ថា ពុំមានរឿងអ្វីកើតឡើងនោះទេ ដោយការយល់ច្រលំបន្តិចបន្តួច ក៏សម្រួលគ្នាទៅផ្ទះរៀងខ្លួនទៅ ដោយពុំមានភាគីខាងណាសងទៅខាងណានោះទេ គ្រាន់តែសងថ្លៃបែកចានកែវទៅម្ចាស់ហាងបញ្ចប់រឿង ៕