បុរសម្នាក់ធ្វើការនៅនាយកដ្ឋានអង្គរក្ស សង្ស័យស្រវឹងបើកបររថយន្តម៉ាកព្រូស លឿនដូចហោះ រេចង្កូតបុករះតូបលក់មីឆា បង្គោលភ្លើងរលំ រួមនិងដើមក្ងោក បណ្ដាលរបួស២នាក់ស្រាល ហេតុការណ៍នេះកើតហេតុ កាលពីវេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៩ នៅចំណុចក្បែរស្តុបទូតចិន តាមបណ្ដាផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថា បុរសបង្កហេតុឈ្មោះ គួច គីមម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអង្គរក្ស អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះលេខ៣D ផ្លូវ១៨៩ ស្ថិតនៅភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន បើកបររថយន្តម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២Q-៦៤៣៣ ក្នុងល្បឿនលឿន បើកតាមផ្លូវម៉ៅសេទុង ពីលិចទៅកើតរួចជ្រុលចង្កូតទៅខាងស្ដាំ បុករះតូបលក់មីឆាគុយទាវឆ្អឹងស៊ុប រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងដើមក្ងោកចំនួនដើមទៀត បណ្ដាលឲ្យអ្នកអង្គុយហូបបាយឆា របួសស្រាល២នាក់ ចំណែកដើមក្ងោកបាក់រលំសង្កត់រថយន្តខ្ទេចពីមុខ បើកទៅមុខលែងរួច ត្រូវប្រជាពលរដ្ឋជួយយកអ្នកបើក ចេញពីក្នុងរថយន្ត ខ្លាចបង្កឲ្យឆាបឆេះគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយមកក៏សមត្ថកិច្ចមូលដ្ឋានចុះមកដល់ នាំយកទៅស្នាក់នៅនគរបាលប៉ុស្តិ៍ទៅសាកសួរនាំ ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុធ្វើការប្រគល់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុកនៅរងចាំធ្វើការដោះស្រាយ ជាមួយអ្នករបួស និងថ្លៃខូចខាតដើមក្ងោក បង្គោលភ្លើង តុកៅអីចានកែវ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ និងសងសំណងថ្លៃតូបលក់គុយទាវផងដែរ៕