រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ចេញ​សេចក្តីថ្លែងការណ៍​ទាំង​យប់ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយ​តប​នឹង​សហភាព​អឺរ៉ុប ដែល​សម្រេច​យកពន្ធ​លើ​អង្ករ​ដែល​នាំ​ចូល​ពី​កម្ពុជា ។

ក្រសួងពាណិជ្ជកម្ម​នៃ​កម្ពុជា បាន​សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប (EU) ដែល​បាន​សម្រេច​យកពន្ធ​លើ​អង្ករ​ខ្មែរ ។ ក្រសួង​បាន​ចាត់​ទុក​វិធានការ​នេះ​ថា ជា​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​បាន​ប្រកាស​តវ៉ា​ជាមួយ​សេចក្តីសម្រេច​នេះ ទៅ​តាម​ទិ​ដ្ឋ​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ។

ក្រសួង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ការ​សម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មក​លើ​អង្ករ ដែល​មាន​ប្រភព​ដើម​មក​ពី​កម្ពុជា មាន​ឥ​ទិ្ធ​ពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល​របស់​ប្រជា​កសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​ធ្វើឃាត​ពួក​គាត់ និង​ក្រុម​គ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួក​គាត់​» ។

សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់​ទៀត​ថា «​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​សេចក្តីសម្រេច​នេះ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធានការ​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្ត​តវ៉ា​នឹង​សេចក្តីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់​ថា ជា​សេចក្តីសម្រេច​ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច​» ។

សូម​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប បាន​សម្រេច​ចាប់ផ្តើម​យកពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​របស់​កម្ពុជា និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​ជា​សមាជិក​អឺរ៉ុប​ចំនួន​២៨​ប្រទេស សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ រហូត​ដល់​ឆ្នាំ​២០២១ ។

ការ​យកពន្ធ​នាំ​ចូល​អង្ករ​របស់​កម្ពុជា នៅ​ឆ្នាំ​ដំបូង តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺ​រ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​១៥០​អឺ​រ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​អឺ​រ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​១​តោន ។​ការ​យកពន្ធ​នេះ គឺ​អនុវត្ត​សម្រាប់​អង្ករ​នាំ​ចេញពី​កម្ពុជា និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

ការ​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ ដោយសារ​អឺរ៉ុប​បាន​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​សំណុំរឿង​អង្ករ​នេះ ក្រោយ​ពី​មាន​បណ្ដឹង​របស់​ប្រទេស​អ៊ី​តា​លី និង​អេ​ស្ប៉ា​ញ ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន ដែល​បាន​ចោទ​ថា អង្ករ​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ដែល​នាំ​ចូល​សហភាព​អឺរ៉ុប បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ផលិត​នៅ​ប្រទេស​ទាំងនោះ​។

សូម​ជម្រាប​ផង​ដែរ​ថា សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា ។ នៅ​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត​៣០​ម៉ឺន​តោន ស្មើនឹង​៤២.៩៨​ភាគរយ​នៃ​ចំនួន ដែល​បាន​នាំ​ចេញ​ទាំងអស់​ចំនួន​៦២​ម៉ឺន​តោន ៕