ភ្នំពេញ៖ បុរសម្នាក់​ដែលគេស្គាល់ថា​ជាតារា​សម្តែង​ ហើយត្រូវ​ជា​មិត្តប្រុសរបស់តារាចម្រៀង​អ្នក​នាង​ ពេជ្រ​ សោភា​ ត្រូវបានជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​យកទៅបានសម្រេច​ ខណៈពេលដែល​កំពុងជិះម៉ូតូកង់បី​មកពី​ហូបពោត​ស្ងោរ​ កាលពីវេលាម៉ោង​១និង​៣០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងកើត​ស្តុប​ពេទផន​ តាមបណ្ដោយ​ផ្លូវ​១៨២​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌ​ទួលគោក​។

បុរស​រងគ្រោះដោយសារជនសង្ស័យឆក់ទូរស័ព្ទដៃ​មាន​ឈ្មោះ​ ឈឹម​ កក្តដា​ អាយុ​ ២៨ឆ្នាំ ជាតារា​សម្ដែង ​និងតារា​ម៉ូដែល​ ស្នាក់នៅ​ក្នុង​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​។
​តាម​សម្តី​​​តារាសម្ដែង​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គាត់បាន​ហៅម៉ូតូ​កង់បីឥណ្ឌាមួយគ្រឿង​ជិះ​ចេញ​ពីផ្ទះនៅម្តុំបឹងសាឡាង​តែម្នាក់ឯង គោលបំណងទៅហូបពោត​ស្ងោ​នៅម្តុំ​វិមានឯករាជ្យ​។

ពេលហូបរួចហើយ​គាត់​ក៏បានជិះត្រលប់មក​ផ្ទះ​វិញ​ ដោយបានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨៧​ ក្នុងទិស​ដៅ​ពីកើតទៅលិច​ មក​ដល់ចំណុចកើតហេតុ​ គាត់​ក៏បាន​ដកទូរស័ព្ទដៃមួយគ្រឿង​ម៉ាក​ oppo R17 Pro របស់គាត់​យក​មកលេង​ហ្វេសបុក​ ​ក៏ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម​ មិន​ចាំ​ស្លាក​លេខ​ មកពីក្រោយ។ ​រួចក៏បានធ្វើសមក្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​រូប​គាត់​ បណ្ដោយ​ឲ្យទូរស័ព្ទ​ជ្រុះ​ទៅលើដី​ ភ្លាមៗ​នោះ​ក៏មាន​បក្ខពួក​របស់​ជនសង្ស័យ​ជិះម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ មករើស​យក​ទូរស័ព្ទ​ដៃរបស់​គាត់​រួច​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

តារា​សម្ដែង​ជាជនរងគ្រោះរូបនោះ បាន​បញ្ជាក់ទៀត​ថា​ គាត់​មិន​សូវ​ស្តាយ​​​ទូរស័ព្ទ​ដៃ​ដែលត្រូវក្រុមចោរ​ធ្វើសកម្មភាព​ឆក់យកទៅ​នោះទេ​ គឺ​គាត់​ស្តាយ​​ឯកសារ​សំខាន់​ៗ​ ដែល​គាត់​បាន​រក្សាទុក​ក្នុង​ទូរស័ព្ទ​ដៃ​នោះ​ គឺ​មានដូចជា​ មេឡូឌី​ចម្រៀង​ និង​បារ៉ូល​រឿងខ្លី​ៗ ដែល​គាត់បាន​និពន្ធ​ជាច្រើន​ ​​​ជា​ឯកសារ​ដែលគាត់​គ្រោងចូលទៅ​​ក្នុង​ផលិតកម្ម​មួយ​ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

ក្រោយ​ពេល​កើត​ហេតុ តារាសម្ដែង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ដឹក​យកទៅ​​​សួរនាំនិង​ដាក់​ពាក្យ​បណ្ដឹង​ នៅប៉ុស្តិ៍​នរគបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ ដើម្បី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក​ ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​៕​​