ភ្នំពេញ៖ ថ្មីៗនេះយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានឲ្យដឹងថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានសម្រេចចោទប្រកាន់មេការជនជាតិចិន នៃមន្ទីរពទ្យវិចតូរៀ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងបទកំហែងយក ដោយពាក់ព័ន្ធនិងការចាប់បង្ខាំងស្ត្រីអ្នកជំងឺម្នាក់ និងកូនស្រី ព្រោះតែពួកគាត់គ្មានលុយបង់ថ្លៃសេវាវះកាត់ ហើយបច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿងត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ។

រឿងរ៉ាវនៅក្នុងមន្ទីរពេទ្យវិចតូរៀ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការរំជើបរំជួលកក្រើកពេញប្រទេស ហើយករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សតែម្នាក់ប៉ុណ្ណោះ រីឯលោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យវិចតូរៀ ពុំត្រូវបានឃាត់ខ្លួននោះទេ ។

អ្នកលេងបណ្តាញសង្គម ក៏ដូចជាមជ្ឈដ្ឋាននានា បានទទូចឲ្យរដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការ​ឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

គួររំលឹកផងដែរថា យោងតាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែដោយសារតែមានរឿងអាស្រូវ លើការព្យាបាលជំងឺច្រើនពេក ក៏ត្រូវបានក្រសួងសុខាភិបាលបិទចោល ប៉ុន្ដែអ្នកគ្រប់គ្រងមន្ទីរពេទ្យនេះ ក៏បានសុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។

បញ្ហា​នេះ​រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ​ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយផងដែរ ៕