ភ្នំពេញ ៖ ប្ដី​និង​ប្រពន្ធ​ដែល​ពាក់ព័ន្ធ​ករណី​ស៊ីដាច់​ប្រាក់​ប្រជាពលរដ្ឋ ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​លក់​ដី​ខ្យល់ ត្រូវ​តុលាការ​ស​ម្រ​ច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៧ មក​រា ២០១៩ នេះ ។

ប្ដី​ប្រពន្ធ​២​នាក់​ខាងលើ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​បក្ខពួក​រត់គេច​ខ្លួន ។

ជនសង្ស័យ​ជា​ប្រពន្ធ មានឈ្មោះ ជៀម ច័ន្ទ​បុរី អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោក​ទ្រា ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ចំណែក​ជនសង្ស័យ​ជា​ប្តី មានឈ្មោះ អ៊ូ សៀ​ក​រ៉ា​ន់ អាយុ​៤៨​ឆ្នាំ បាន​ត្រូវ​លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ឆបោក បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើ​ឯកសារ​ក្លែង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា រូបភាព​ឆបោក​នៃ​បុគ្គល​ទាំង​២​នាក់​ដោយ​មុន​ដំបូង​ឡើយ ពួក​គេ​បាន​ចាត់តាំង​គ្នីគ្នា​ឲ្យ​មាន​អ្នក​ដើរតួ​នៅ​ខាងក្រៅ​ប្រទេស​ជាមួយ​មេធាវី ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ធនាគារ ដើម្បី​ឲ្យ​អ្នកទិញ​បង់ប្រាក់ ដើម្បី​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ ដោយ​សង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ អះអាង​ថា ពួក​គេ​មាន​ដី​រាប់រយ​ហិតា​នៅ​ខេត្ត​មួយ ការ​ពិត​គ្មាន​ដី​សូ​ម្បី​មួយ​ចំអាម​ផង បែរជា​ជនសង្ស័យ​ដើរ​ឃោសនា​អូស​ទាញ​ឲ្យ​ជឿ​ស៊ប់​ព្រម​ទិញ និង​បង់ប្រាក់​ជូន​ពួក​គេ ។

ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ បាន​ចាញ់កល​ល្បិច​នេះ ដោយ​បាន​បង់លុយ​ទិញ​ដី​ជា​បន្តបន្ទាប់ មានគ្រួសារ​ខ្លះ​អស់​៥​ម៉ឺន​ដុល្លារ ខ្លះ​អស់​៨​ម៉ឺន​ដុល្លារ និង​ខ្លះ​ទៀត​រហូត​ដល់​៣៥​ម៉ឺន​ដុល្លារ សរុប​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ ប៉ុន្តែ​មិនឃើញ​មាន​ដី​អ្វី​ទេ ក្រៅ​តែ​ពី​ក្រដាស់​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ដី​អភិវឌ្ឍ​ន៏ នៅ​កន្លែង​នេះ នៅ​កន្លែង​នោះ ដោយ​មិន​មាន​អ្វី​ច្បាស់លាស់​សោះ ។

ដោយ​កើតការ​សង្ស័យ ប្រជាពលរដ្ឋ​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យ​ប្ដឹង​ដល់​សមត្ថកិច្ច​តែ​ម្ដង ។ ទើប​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នាំ​ខ្លួន​មក​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង ដើម្បី​បន្ត​នីតិវិធី ៕