ខេត្ដកណ្តាល ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ ធ្វើការ​ឃាត់ខ្លួន ស្ត្រី​ឃាតក​ម្នាក់ ដែល​សម្លាប់​ស្ដ្រី​ម្នាក់​ប្លន់​យក​ទ្រព្យសម្បត្ដិ​ជិត​៤​ម៉ឺន​ដុល្លារ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ដ្រី​ជា​ឃាតករ​មានឈ្មោះ សុខ ចាន់​ថា អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ស្ត្រី​ឃាតក​រមានឈ្មោះ សុខ ចាន់​ថា បាន​គេច​មក​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ឈ្មោះ ជួន កុសល់ ភេទ​ប្រុស អាយុ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​កំពង់​សំរោង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ក្នុង​ពេល​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ លុយ​ដុល្លារ​ចំនួន​៦៣២​ដុល្លា និង​លុយ​រៀល​៤៦០,០០០​រៀល -​ខ្សែ​ករ​លោហធាតុ ពណ៌​លឿង​១​ខ្សែ​, ខ្សែដៃ​លោហធាតុ ពណ៌​លឿង ១​ខ្សែ (​ជា​របស់​ជន​រង​គ្រោះ​), ម៉ូតូ​ម៉ាក​ហុង​ដាង សេរី​២០១៧ ពណ៌​ខ្មៅ ១​គ្រឿង ជា​របស់​ជនសង្ស័យ រួម​និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន ។

ច​ច្ចុ​ប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល ដើម្បី​បន្ត​នីតិវិធី ។

សូម​រម្លឹក​ថា ប្លន់​​សម្លាប់​ស្ត្រី​ចងការ​ប្រាក់​ម្នាក់ យក​ទ្រព្យសម្បត្តិ​អស់​ជិត​៤​ម៉ឺន​ដុល្លារ

ស្ត្រី​ចងការ​ប្រាក់​ម្នាក់ ត្រូវ​ចោរ​ដៃ​ឆៅ​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ​សរុប​អស់​ជិត​៤​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ដែល​ប្តី​បាន​ដើរ​ចេញ​ទៅ​កាត់សក់​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៤ មក​រា ២០១៩ ស្ថិត​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈុ​ន ទូ អាយុ​៥៦​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ មានស្រុក​កំណើត ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សម្ភារ​ដែរ​ត្រូវ​បាត់បង់​រួម​មាន​ទី​១ ៖ លុយ​ដុល្លារ​ចំនួន​៣០,០០០​ដុល្លារ​, ទី​២៖ លុយ​ខ្មែរ​ចំនួន​២​លាន​រៀល​, ទី​៣ ៖ ខ្សែ​ក​មាស​២​ដំឡឹង​, ទី​៤៖ ចិញ្ចៀនមាស​៥​ជី និង​ទី​៥៖ ខ្សែដៃ​មាស​៥​ជី ៕