ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ ស្តី​ពី ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

តាម​រយៈ​សារាចរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ​ចំនួន​៣ ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​នេះ​ ។ វិធានការ​ទាំង​៣​នោះ​រួម​មាន ៖

១. ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​អាច​ធ្វើ​បាន​តែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​បាន​ទេ បើ​ទោះបីជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក និង​កន្លែង​មួយ​ចំនួន ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏​ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ ក្រៅពី​ស្រូវ ។
២. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​ឡើង​វិញ ។
៣. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​គ្រោះ​ធម្មជាតិ​នានា ដូច​ជា​ខ្យល់​កន្ត្រាក់​ជាដើម ។

សារាចរ​ណែនាំ ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ធ្វើ​ឡើង​ឆ្លើយ​តប​តាម​យៈ​លិខិត​របស់​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​បញ្ហា​អាកាសធាតុ ក្នុង​រដូវប្រាំង ឆ្នាំ​២០១៩ នេះ ។

ក្រសួង​ធនធាន​ទឹកបាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ឲ្យ​ដឹង​ថា រដូវប្រាំង​នៅ​ក្នុងឆ្នាំនេះ (​ខែមេសា និង​ខែឧសភា​) មាន​សភាព​ក្ដៅ​ហួតហែង​ខ្លាំង សីតុណ្ហភាព​អប្បបរមា​ហក់​ដល់ ៤០-៤២​អង្សា មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មក​ដល់​យឺត​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ។ ពិសេស​នោះ​ក្រសួង​បាន​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាជន​អាច​នឹង​ខ្វះ​ទឹក​ប្រើ ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិចតួច​បំផុត ហើយ​ក៏​កំពុង​ចាត់វិធានការ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ស្តុក​ទឹក​ទុក​ផង​ដែរ ។

ដើម្បី​កាន់តែ​ច្បាស់​សូម​ប្រជាពលរដ្ឋ​មក​មើល​សេចក្ដីជូនដំណឹង​ដូច​ខាងក្រោម​នេះ ៖