ភ្នំពេញ៖ បុរសបីនាក់មិនដឹងថានៅអង្គភាពណានោះទេ បាននាំគ្នាចូលទៅផឹកស៊ី រួចក៏បានដកកាំភ្លើងខ្លីមួយដើមបាញ់ភ្ជុចដីមួយគ្រាប់ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩ ក្នុងភោជនីយដ្ឋាន ទន្លេ ដែរមានទីតាំង ស្ថិតនៅក្នុងបុរីពិភពថ្មី ចំការដូង ផ្ទះ៣០៥ ផ្លូវលេខ០៣ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងមានករណីផ្ទុះអាវុធនេះកើតឡើង គឺមានបក្ខពួកក្រុមបង្កមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងក្នុងនោះមានម៉ាកហុងដាឌ្រីមមួយគ្រឿង និងម៉ាកហុងដា ប៊ីតមួយគ្រឿង បាននាំគ្នាផឹកស៊ីនៅហាងខាងលើ រួចហើយក៏ហៅនារីម្នាក់ មកអង្គុយហូបកំដរជាមួយ ។

លុះពួកគេផឹកស៊ីរៀងធ្លាក់ភ្នែកបន្តិច ពួកគេក៏បានហៅម្ចាស់ហាងគិតលុយ ពេលគិតលុយរួចហើយមិនដឹងថា ពួកគេនិយាយគ្នា ឬទាស់សម្តីជាមួយអ្នកណានោះទេ ក៏ស្រាប់តែបុរសម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម អាម៉េ រួចបាញ់ភ្ជុចដីក្រោមតុ មួយគ្រាប់ រួចហើយ នាំជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ ។

ក្នុងហេតុការណ៍នេះដែរបន្តិចក្រោយ ដំណឹងនេះបានឮ ដល់កម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួរពី
ដំនើររឿង និងពិនិត្យកាំមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនបង្ករមកទទួលទោស តែក្នុងករណីនេះសមត្ថកិច្ចមិនអាចប្រាប់ថាអ្នកបាញ់ ប្រើប្រាស់កាំភ្លើងម៉ាកអីនោះទេ ។
បើតាមប្រភពមួយទៀត គេថាបុរសបីនាក់នោះ ផ្ទុះអាវុធដោយសារតែរឿងស្រី ឲ្យអង្គុយជាមួយពួកគេ មិនអោយទៅណា ៕