ខេត្តព្រះសីហនុ៖ ជនល្មើសពីរនាក់ចូលទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះមួយកន្លែង ត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោមថ្មី នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនសង្ស័យបានធ្វើសកម្មភាពដោយប្រើប្រាស់អាវុធ ធ្វើអោយបុរសម្នាក់ជាម្ចាស់ផ្ទះរងរបួសត្រង់ក្បាលពោះ រួចគេចខ្លួនបាត់ស្រមោល ដោយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែលជិត៧យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុបានបន្តិច គេបានឃើញកម្លាំងសមត្ថកិច្ចមកដល់ ហើយបានត្រឹមធ្វើកំណត់ហេតុស្រាវជ្រាវរកមុខសញ្ញាប៉ុណ្ណោះ ហើយករណីនេះ បើតាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹក នៅពេលនោះស្រាប់តែមាន ជនសង្ស័យមានគ្នា២នាក់ បានស្ទុះយកកាំបិតចាក់គាត់ និងបក្ខពួកម្នាក់ទៀតបានទាញកាំភ្លើង មកភ្ជង់កូនស្រីរបស់គាត់ដើម្បីគំរាម ប៉ុន្តែគាត់ធ្វើការប្រតាយប្រតប់ រហូតត្រូវក្រុមចោរយកកាំបិតចាក់ចំក្បាលពោះបណ្តាលឲ្យរមងរបួស រួចរត់គេចខ្លួនបាត់។

នៅមិនទាន់មានព័ត៌មានជាក់លាក់ផ្លូវការណាមួយ ពីខាងសមត្ថកិច្ចនៅឡើយនោះទេជុំវិញករណីប្លន់ខាងលើនេះ ដោយសមត្ថកិច្ចបានប្រាប់ថារង់ចាំធ្វើការស្រាវជ្រាវសិន ៕