ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេររិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ភ្ញៀវកាន់តែច្រើន ប្រព័ន្ធបង់លុយចតរថយន្ត នៅអាកាសយានដ្ឋានភ្នំពេញ កាន់តែប្រឹងធ្វើអោយយឺត ។ ធម្មតាគេបង់លុយនៅបញ្ជរចេញ តែនេះអ្នកបើកឡានត្រូវឈប់ឡាននៅបញ្ជរ ចេញហើយរត់ទៅបង់លុយ នៅកន្លែងផ្សេង ។ ដើរម៉ាពិភពលោក ទើបឃើញក្បាច់នេះមួយ» ។
សូមជម្រាបថា នៅឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រភេទថ្មី ព្រោះផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ចេញ និងចូល នៅក្នុងព្រលានយន្តហោះរហូតដល់ទៅ៣ដង ។ នេះគឺចង់សំដៅទៅដល់រថយន្តដែលបានចរាចរនៅក្នុងព្រលានយន្តហោះ អាចចេញ-ចូល បានឆាប់រហ័សជាងមុន និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសប្រព័ន្ធថ្មីនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់លើការគ្រប់គ្រងថវិកា ដោយតម្រូវឱ្យអ្នកចេញ-ចូល ត្រូវបង់ថវិកាតាមរយៈម៉ាស៊ីនប្រភេទថ្មីនេះ មានភាពងាយស្រួលជាងមុន ។
បញ្ជរបង់ប្រាក់ របៀបទំនើបគ្មានបុគ្គលិករង់ចាំទទួលទេ គឺបង់លុយក្នុងម៉ាស៊ីនស្វ័យប្រវត្តិ ។ ចំណែករថយន្តធុនតូចចត នៅព្រលានយន្តហោះ តម្លៃក្នុង ១៥នាទី តម្លៃ៤,០០០រៀល ចូលចតលើសពី១៥នាទីឡើងទៅ ត្រូវគិតបន្ថែមទៀត ៕