ថៃ៖ ថ្មីៗនេះ គណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូឃ្លីបបង្ហាញពីសកម្មភាពក្រុមសិស្សសាលាមួយក្រុម បាននាំគ្នាទៅប្រគុំតន្ត្រីនៅខាងមុខផ្ទះរបស់កូនសិស្សម្នាក់ទៀត ដោយសារតែកូនសិស្សម្នាក់នោះមានទម្លាប់ទៅរៀនយឺតម៉ោងរាល់ថ្ងៃ ដែលសកម្មភាពដ៏គួរឲ្យអស់សំណើចនេះបានកើតឡើងនៅក្នុងប្រទេសថៃ ។

យោងតាមវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា សិស្សសាលាមួយក្រុមសង្ស័យថា ជាសិស្សបឋមសិក្សា ឬអនុវិទ្យាល័យ បាននាំគ្នាមកប្រគំភ្លងជាតិចំនួន ២បទ មានអ្នកខ្លះវាយស្គ អ្នកខ្លះផ្លុំប៉ី នៅមុខផ្ទះមួយខ្នង ។
បន្តិចក្រោយមកស្រាប់តែមានសិស្សប្រុសម្នាក់ ចេញមកពីក្នុងផ្ទះ ហើយចាក់សាំងម៉ូតូចាស់របស់ខ្លួន ដើម្បីទៅសាលាទាំងទឹកមុខមិនសប្បាយចិត្ត ប៉ុន្តែក្រោយមកគេមិនបានជិះម៉ូតូចេញឡើយ ពោលគឺអង្គុយនៅលើម៉ូតូធ្វើព្រងើយ ។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពខាងលើនេះ គឺដឹកនាំដោយគ្រូបង្រៀនរបស់ពួកគេផ្ទាល់តែម្ដង ដើម្បីចង់ឌឺទៅដល់សិស្សប្រុសម្នាក់នោះដែលតែងតែទៅរៀនយឺតជានិច្ច ៕
សហការី KBN
ប្រភព៖ morning-news