ភ្នំពេញ៖ កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៩ កម្ពុជាបានសាទរជាមួយវត្តមានរថភ្លើងស៊េរីទំនើប៣គ្រឿង ដែលជាប្រភេទរថភ្លើង Tramway បញ្ជាទិញដោយក្រុមហ៊ុន Royal Railway Cambodia ពីប្រទេសម៉ិកស៊ិក នឹងយកមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ក៏បានចុះពិនិត្យក្បាលរថភ្លេីងប្រភេទថ្មីនេះ ហើយបច្ចុប្បន្នកំពុងពិនិត្យនូវអនុលោមភាពបច្ចេកទេស​ ដេីម្បីត្រៀមដាក់ដំណេីរការនាពេលដ៏ខ្លីខាងមុខនេះ។

ចំពោះលក្ខណៈសម្បត្តិ របស់រថភ្លើងទំនើបទាំង ៣គ្រឿងនេះមានដូចតទៅ៖

» ផ្ទុកមនុស្សបាន​ ៥៦នាក់​
» មានម៉ាស៊ីនត្រជាក់
» កៅអីអង្គុយធំទូលាយ
» មានបំពាក់ប្រព័ន្ធ Wi-Fi
» ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
» បង្កើនល្បឿនបានលឿន​ ដល់​ ៨០-៩០គម/ម៉
» មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
» មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
» ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
» មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
» បង្គន់អនាម័យ

សូមបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការចេញដំណើររបស់រថភ្លើងថ្មីនេះ សូមតាមដានក្នុងទំព័រហ្វេសប៊ុកផ្លូវការ​ របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ៕

សហការី KBN
ប្រភព៖ MPWT