ប៉ារីស ប្រទេសបារាំង៖ យោងតាមការចេញផ្សាយរបស់ព័ត៌មាន BBC កាលពីល្ងាចថ្ងៃទីសៅរ៍ទី១២ ខែមករា ឆ្នាំ២០១៩មុននេះបន្តិច បានឲ្យដឹងថា មានករណី​ផ្ទុះហ្គាសយ៉ាង​កក្រើក​មួយ នៅតំបន់​ពាណិជ្ជកម្មកណ្តាល​ទីក្រុងប៉ារីស នៃប្រទេស​បារាំងនាព្រឹកថ្ងៃសៅរ៍​នេះតែម្តង (ម៉ោងនៅប៉ារីស) បានបណ្តាល​ឲ្យមនុស្សមួយចំនួនទទួលរងរងរបួសធ្ងន់ និងស្រាល ខណៈពុំទាន់មានការបញ្ជាក់ អំពីចំនួនជងរងគ្រោះច្បាស់លាស់នោះឡើយ។

ខណៈដែលកំពុងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនោះ ក្រុមសង្គ្រោះ និងពន្លត់អគ្គីភ័យ​​​ បានសស្រាក់​សស្រាំ​ក្នុងការជួយ​សង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆេះ ក៏ប៉ុន្តែបើតាមការឲ្យដឹងជំហានដំបូងបានបង្ហាញថា ទ្រព្យសម្បត្តិសាធារណៈជាច្រើន​ ដូចជាអគារ រថយន្ត និង​អ្វីៗជាច្រើនទៀត​បានរងការខូចខាតយ៉ាងដំណំ ដោយសារ​តែករណីផ្ទុះហ្គាសយ៉ាងកក្រើកនេះ។

ក្រោយពីមានការស៊ើបសួរ និងមើលតាមកាម៉េរាសុវត្ថិភាពរួចមក ប៉ូលិសបានសន្និដ្ឋានថា ការផ្ទុះនេះ​​ទំនងជាបានកើតចេញ​ពីហាងលក់​នំប៉័ង​មួយកន្លែង នៅតំបន់ Rue de Trévise នា​វេលា​ម៉ោង ៩៖០០នាទីព្រឹក (ម៉ោង​នៅប៉ារីស)។ ប៉ូលិស​បានអំពាវនាវ​ឲ្យប្រជាជនស្ថិត​នៅឲ្យឆ្ងាយពីតំបន់នេះ​សិន ខណៈសកម្មភាព​សង្គ្រោះ និង​គ្រប់គ្រង​ស្ថានការណ៍ជា​រួមកំពុងបន្ត។ ការផ្ទុះនេះ​ត្រូវបានគេ​អះអាងថា ពុំមាន​ជាប់​ពាក់​ព័ន្ធ​នឹងគំរោងធ្វើ​មហាបាតុកម្ម នៃក្រុមអាវ​កាក់ពណ៌លឿង​នោះឡើយ៕