ទីក្រុងប៉េកាំង៖ យោងតាមការដកស្រង់នៃទីភ្នាក់ងារព័ត៌មានរបស់ចិន បានឲ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍ទី១២ ខែមករា ឆ្នាំ២០១៩នេះថា យាន «Chang’e-4» បានសម្រេច​ការចុះចត ជាលើក​ដំបូងមិនធ្លាប់មាន​ពីមុនមក នៅផ្ទៃចំហៀង​ម្ខាងទៀត​របស់ព្រះច័ន្ទ​ដែលមនុស្សមិនដែល​បានឃើញនោះ អ្នកជំនាញជើង​ចាស់ផ្នែកអវកាស​ម្នាក់របស់ចិន​បាននិយាយ​​ថា ប្រទេសចិន​នឹងធ្វើឲ្យ​បេសកកម្ម​រុករកនៅលើឋាន​ព្រះច័ន្ទ កាន់តែមានភាព​ស៊ីជម្រៅ ខ្លាំង​ជាងពេលណាៗ​ទាំង​អស់។

បើតាមការបញ្ជាក់ពីប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធីរុករកលើឋានព្រះច័ន្ទ នៃប្រទេសចិន លោក វូ វៃរិន បានឲ្យដឹងថា កម្មវិធី​បច្ចុប្បន្ន​​របស់ចិន​រួមមាន ០៣ដំណាក់កាល គឺការទៅ​គោចរជុំវិញ ការទៅចុះចត និងការនាំយកគំរូស្លាកស្នាមវិលត្រឡប់។ សម្រាប់​​២ដំណាក់ដំបូង គឺត្រូវសម្រេចបានហើយនាពេល​នេះ ហើយជំហានបន្ទាប់គឺ ការបញ្ជូនយាន «Chang’e-5» ឲ្យទៅ​ប្រមូល​ និង​នាំយកគំរូតាង​​ទម្ងន់ ០២គីឡូក្រាម​​ពី​ព្រះច័ន្ទមក​កាន់ផែនដី​វិញ។

ទន្ទឹមគ្នានេះ​នៅមានអាថ៌កំបាំងជាច្រើន​ផ្សេងទៀត​​អំពី​ព្រះច័ន្ទ ហើយ​បេសកកម្មជា​បន្តបន្ទាប់នាថ្ងៃ​អនាគត នឹងកាន់​តែ​គួរ​​ឲ្យរំភើបជាង​នេះទៅទៀត។ ​ក្រៅពីនេះ កម្មវិធីរុករក​លើឋានព្រះច័ន្ទ ក៏នឹង​បន្តលើក​ស្ទួយមុខមាត់ចិន ក្នុងនាម​ជាប្រទេស​​មួយដែលដើរតួនាទី​យ៉ាងសំខាន់ ក្នុង​វិស័យរុករក​នៅទីអវកាស។

បើតាម លោក ​Wu ទីភ្នាក់ងារ​អវកាសចិន CNSA កំពុង​​ជជែកពិភាក្សា និង​រៀបចំ​នូវផែនការ សម្រាប់ដំណាក់​កាលទី ៤ នៃ​កម្មវិធីរុករក​លើឋានព្រះច័ន្ទ ដោយរួមមាន​ការចេញបេសកកម្ម​ ទៅកាន់ប៉ូលទាំងពីរ​នៃភពរណបផែនដីនេះទៀត។ អ្នកវិទ្យាសាស្រ្ត​​បាន​ឲ្យដឹងថា កន្លែងខ្លះនៅ​ប៉ូលខាងត្បូង​​នៃព្រះច័ន្ទ ទទួលបានពន្លឺ​ព្រះអាទិត្យសម្រាប់​រយៈពេលជាង ១៨០ថ្ងៃ​ជាប់ៗគ្នា ហើយ​​កន្លែង​ខ្លះទៀតវិញ ដែលហ៊ុមព័ន្ធ​ជុំវិញដោយរណ្តៅ​អាចម៍ផ្កាយធំ គឺមិនដែលត្រូវ​ពន្លឺព្រះអាទិត្យ​តែម្តង ហើយ​អាច​មាន​​ផ្ទុក​នូវ​ទឹក​ដែលកក។

លោក Wu បានបង្ហាញពីចក្ខុវិស័យ​របស់ទីភ្នាក់ងារអវកាស​ចិនថា ស្ថានីយស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត​មួយ នឹងអាចលេច​​រូបរាងឡើងនៅ​ប៉ូលខាងត្បូង​របស់ព្រះច័ន្ទ ហើយ​វានឹងដំណើរការ​ដោយស្វ័យប្រវត្តិ ហើយអាចឲ្យ​​មនុស្សទៅ​ទស្សនកិច្ច​បានសម្រាប់​រយៈពេល​ខ្លីៗ។

ប្រទេសចិន ក៏កំពុងតែគ្រោង​បញ្ជូនយានអវកាស​មួយគ្រឿង នៅឆ្នាំ២០២០ ដែលនឹង​ត្រូវ​ទៅ​គោចរ ចុះចត និងរត់​នៅ​លើ​​​ភពអង្គារ (Mars) នៅឆ្នាំ២០២១ ផងដែរ។ សម្រាប់គោលដៅ​ឆ្នាំ២០៣០វិញ ចិនមានមហិច្ឆតា​បាញ់បង្ហោះ​គ្រាប់រ៉ុក្កែត​​ទម្ងន់​ធ្ងន់​ ដែលមាន​សមត្ថភាពផ្ទុក​​​ប្រហែល ៤,០០០តោន និងអង្កត់​ផ្ចិត ​១០ម៉ែត្រ ដោយរ៉ុក្កែតនេះ​អាចជួយ​សម្រេច​គោលដៅ ​នៃ​ការនាំយក​គំរូស្លាកស្នាម​ពីភពអង្គារមកកាន់​ផែនដី ក៏ដូចជាការ​បញ្ជូនអវកាសយានិក​ទៅឋាន​ព្រះច័ន្ទ៕