ថៃ៖ តារាមច្រៀងស្រីនៅក្នុងក្រុមចម្រៀងយុវវ័យរបស់កូរ៉េខាងក្បូង Black Pink នាង Lisa ថ្វីបើខ្លួននៅមានវ័យក្មេងខ្ចីតែសមត្ថភាពរបស់នាងពិតជាខ្លាំងគួរឲ្យស្ញើចសរសើរ ដែលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់នាងបានល្បីសុសសាយរហូតដល់ជាង ៥០ប្រទេសឯណោះលើសកលលោក ។ សូមបញ្ជាក់ថា Lisa គឺជាតារាចម្រៀងជនជាតិថៃ ក្នុងក្រុមចម្រៀង Black Pink ដ៏ល្បីល្បាញ នាពេលបច្ចុប្បន្ននេះ ។

ទាក់ទងជាមួយគ្នានេះដែរ មានព័ត៌មានមួយចំនួនធំបានចុះផ្សាយថា Lisa ទោះបីជាមានឈ្មោះបោះសំឡេងល្បីល្បាញយ៉ាងណាក៏ដោយ ក៏នាងមិនដែលភ្លេចប្រទេសថៃ និងមិនភ្លេចកំណើតរបស់ខ្លួន ដែលធ្លាប់តែមានជីវភាពធម្មតាមួយនៅក្នុងត្រកូលអ្នកជនបទ ទើបថ្មីៗនេះ សារព័ត៌មានរបស់ស្ថានីយទូរទស្សន៍ធំមួយរបស់ប្រទេសថៃ បានចុះទៅជួបផ្ទាល់ជាមួយជីដូនជីតារបស់ Lisa ដែលពួកគាត់ទាំងពីរនាក់បច្ចុប្បន្នរស់នៅក្នុងស្រុកសាតឹក ខេត្តបុរីរាម្យ ហើយជាកន្លែងកំណើតរបស់ Lisa ផងដែរ ។

លោកយាយអាយុ ៨៦ឆ្នាំ របស់ Lisa បានឲ្យដឹងថា ចៅស្រីរបស់គាត់រូបនេះមានឈ្មោះកំណើតថា ឡាលីសា ម៉ានោ ជាកូនកាត់ថៃ (ខាងម្ដាយ) ស្វីស (ខាង ឪពុក) ដោយពួកគាត់ស្រឡាញ់ ចិញ្ចឹមបីបាច់នាងតាំងពីតូចក្រូចឆ្មាមកម្ល៉េះ ហើយប្ចុច្បន្ននេះគាត់រំភើបចិត្តខ្លាំងណាស់ ដែលចៅស្រីទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង ស្ទើរទូទាំងពិភពលោក ។

លោកតារបស់ Lisa អាយុ ៩០ឆ្នាំ អតីតគ្រូបង្រៀនបានបន្ថែមទៀតថា ថ្វីបើ Lisa ក្លាយជាតារាចម្រៀងក្នុងចម្រៀងកូរ៉េ ដ៏ល្បីយ៉ាងណាក៏ដោយ ក៏នាងមិនដែលភ្លេចប្រទេសថៃ និងភ្លេចកំណើតនាងដែរ ហើយជារឿយៗនាងតែងតែផ្ញើលុយកាក់មកជូនពួកគាត់ ឬមកលេង ៤ទៅ៥ថ្ងៃ ទើបត្រឡប់ទៅកូរ៉េវិញ ។

សូមបញ្ជាក់ថា មុនបង្កើតក្រុម Black pink កាលពីឆ្នាំ ២០១៦ នាង Lisa ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម YG ពេញចិញដោយមើលឃើញពីសមត្ថភាពរបស់នាង ក៏ដូចជារូបសម្រស់ពីធម្មជាតិ ដូចនេះហើយយកនាងទៅហ្វឹកហាត់ ដើម្បីឲ្យក្លាយជាសមាជិកនៅក្នុងក្រុមចម្រៀង K-pop មួយដ៏ល្បីល្បាញ ៕

សហការី KBN
ប្រភព៖ khaosod