ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ នារីអាកាសចរណ៍ម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Yu Mi បានប្រើពាក្យពុំសមរម្យទៅលើនារីម្នាក់ ដែលធ្វើអត្តឃាតចងក ដែលពាក្យពេចន៍របស់នាង បានធ្វើឲ្យមិត្តភក្ដិ ក៏ដូចជាសាច់ញាតិនៃសពឈឺចាប់យ៉ាងខ្លាំង មិនគួរណាមនុស្សដែលស្លាប់ទៅហើយ នៅមានអ្នកផ្ដន្ទាថែមទៀត ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកមួយឈ្មោះ Ni Na ដែលអះអាងថា ខ្លួនមិត្តភក្ដិនៃសព បានមានប្រតិកម្មយ៉ាងខ្លាំង ទៅលើពាក្យពេចន៍ពុំសមរម្យរបស់ម្ចាស់គណនីហ្វេសប៊ុក Yu Mi ព្រមទាំងរិះគន់ទៅកាន់កន្លែងការងាររបស់នាងទៀតផងថា មិនគួរណាជ្រើសរើសចំបុគ្គលិកគ្មានក្រមសីលធម៌យ៉ាងដូចនេះសោះ ។

គណនីហ្វេសប៊ុកមួយឈ្មោះ Ni Na បានសរសេរយ៉ាងដូច្នេះថា ក្នុងនាមខ្ញុំជាមិត្តភក្តិនៃសពខ្ញុំសង្ឈឹមថា «ក្រុមហ៊ុនអាកាសចរណ៌Sky Angkor Airlinesនឹងជ្រើសរើសបុគ្គលិកដែលមានក្រមសីលធម៍ល្អជាងនេះ ព្រោះនារីម្នាក់នេះបានប្រើពាក្យមិនសមរម្យដល់មិត្តរបស់ខ្ញុំ ដែលបានស្លាប់ទៅហើយ ដោយមិនដឹងពីហេតុផលច្បាស់លាស់នៃសព និងសំណូមពរឲ្យនារីម្នាក់នេះ postសុំទោសជាសាធារណៈ!!» ។

យ៉ាងណាមិញ ក្រោយពីមានប្រតិកម្មខាងលើ ស្រាប់តែមុននេះ ម្ចាស់គណនីហ្វេសប៊ុក Yu Mi បានចេញសារសូមទោសជាសាធារណៈ ដោយមានខ្លឹមសារទាំងស្រុងថា «ខ្ញុំពិតជាមានការសោកស្តាយណាស់នូវ ខ្ញុំនិយាយមិនសមរម្យទៅកាន់សពប្អូនស្រី និងទៅកាន់ក្រុមគ្រួរសារគាត់…នាងខ្ញុំពិតជាមិនដឹងសោះថាគាត់ជាជនជាតិខ្មែរទេ…នាងខ្ញុំគិតថាគាត់ជាជនជាតិផ្សេង…នាងខ្ញុំពិតជាសុំទោសទៅដល់គ្រួរសារសពផង….នាងខ្ញុំមិនបានតាំងចិត្ត និងចេតនានិយាយបែបនេះទេ…នាងខ្ញុំសង្ឈឹមថា បងប្អូននឹងមិនកាន់ទោសនឹងនាងខ្ញុំ…ខ្ញុំសុំឲ្យសពអហោសិកម្មឲ្យនាងខ្ញុំផង…នាងខ្ញុំទទួលកំហុសនេះ…នាងខ្ញុំពិតជាមានការសោកស្តាយខ្លាំងមែនទែននូវពាក្យសម្ដីបែបនេះ…សូមអភ័យទោសឲ្យនាងខ្ញុំផង » ៕

សហការី KBN
ប្រភព៖ Facebook