ស្វាយ​រៀង ៖ ចៅសង្កាត់​ចេក ក្រុង​ស្វាយ​រៀង ទើប​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ជន​ស្រវឹង​អុកឡុក​អ្នក​ភូមិ លោក​ក៏​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​សួរនាំ​ជន​ស្រវឹងស្រា​ម្នាក់ ដែល​អ្នក​ភូមិ​ហៅ​ថា នាយ​ខ្វិន ខណៈ​ដែល​សួរនាំ ស្រាប់តែ​ជន​ប្រមឹក​ស្ទុះ​មក​វាយ​ទ្រោម​ធ្លាក់​ចូល​ដី​ភក់​ប្រឡាក់កប់ខ្លួន​ តែ​ម្តង ។

ករណី​នាយ​ខ្វិន​វាយ​លោក​ចៅសង្កាត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​សម្តី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ថា ជន​បង្ក​ឈ្មោះ ឈ្មោះ ប៉ូច សុផល ហៅ​ខ្វិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ញឹ​ម សាំ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មុខរបរ​ចៅសង្កាត់​ចេក មាន​ទីលំនៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង រង​របួស​គ្រិច​កដៃ​ខាងស្តាំ និង​ស្នាម​ឆូត​ត្រង់​ក របួសស្រាល នៅ​សំរាក​ព្យាបាល​នៅផ្ទះ​របស់​ខ្លួន ។

ប្រភព​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ដំបូង​ឡើយ ដោយសារ ជន​បង្ក​ខាងលើ​នេះ​ស្រវឹងស្រា ស្រែកឡូឡា​​គំរាម​ប្រជាពលរដ្ឋ​ក្នុងភូមិ ភ្លាម​ៗ​នោះ​ប្រជា​ពលរដ្ឋ​អ្នក​ជិតខាង​ក៏​បាន​ប្តឹង​ទៅ​លោក​ចៅសង្កាត់​ចេក ក្រោយ​ពេល​លោក​ចៅសង្កាត់​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ លោក​ក៏​ចុះ​ទៅ​សួរនាំ​នៅ​ចំណុច​កើតហេតុ​ខាងលើ ពេល​មក​ដល់​មិន​ទាន់​សួរ​ស្រួលបួល​ផង ស្រាប់តែ​នាយ​ខ្វិន ស្រវឹងស្រា​ជោគ​មើល​ចៅសង្កាត់​លែង​ស្គាល់ ក៏​ស្ទុះ​មក​វាយ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ​ខ្វិន កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ចាត់​តាម​ច្បាប់ ៕