ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់បានសម្រេច តែត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនបានភ្លាមៗ នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ។

លោក ណេង សាមឿន មេប៉ុស្ដិ៍ស្ទឹងមានជ័យទី២ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សួស ឡុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ គីម បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

លោកមេប៉ុស្ដិ៍ស្ទឹងមានជ័យទី២ បានបន្ដទៀតថា ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-9681 បានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់បានសម្រេចនៅចំណុចផ្លូវព្រះមុន្នីរ៉េត ជិតស្ដុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ ភ្លាមៗនោះជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្ដែត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល ដេញតាមរហូតដល់ចំណុចភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ក៏ជួបជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី២ កំពុងល្បាតពួនស្ទាក់ចាប់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្ដ ក៏បានសហការគ្នាឃាត់ខ្លួនជនសង្ស័យទាំង២នាក់ភ្លាមៗ យកមកកាន់ប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ដើម្បីសួរនាំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅសាកសួរបន្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕