រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​អំ​បាវ​នាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ឈប់​ប្រើប្រាស់​ជា​បន្ទាន់ នូវ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ជាង​២០​មុខ ដែល​គ្មាន​ការ​អនុញ្ញាត និង​បង្គាប់​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ផ្សព្វផ្សាយ​លក់ និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ផលិតផល​ដែល​គ្មាន​ការ​អនុញ្ញាត​ទាំងនោះ ដើម្បី​មាន​វិធានការ​ផង​ដែរ ។

ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៨ ខែមករា របស់​ក្រសួងសុខាភិបាល បាន​ហាមឃាត់​ផលិតផល​ជាង​២០​មុខ ដូច​ជា​ថ្នាំ​ជំនួយ​សុខភាព គ្រឿងសម្អាង ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស និង​ថ្នាំ​ពង្រីក​ដើមទ្រូង ជាដើម ដែល​គ្មាន​ការ​ចុះ​បញ្ជិកា​ប្រតិវេទន៍ គ្មាន​ការ​ពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត ដែល​កំពុង​ចែកចាយ​ដោយ​ផេ​ក​ហ្វេ​ស​បុក និង​គ្រុប​ឈ្មោះ Family Doctor Cambodia ។

សូម​ជម្រាប​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រសួង​បាន​ហាមប្រាម​បែប​នេះ ហើយ​បើ​គិត​ពី​ខែតុលា រហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីជូនដំណឹង​ហាមប្រាម​ស្រ​ដៀង​គ្នា​នេះ​ជា​ច្រើន​ដង​មក​ហើយ ទៅ​លើ​ហ្វេ​ស​ប៊ុ​កល​កើ​គ្រឿងសម្អាង ថ្នាំ​សម្រក​រាង ថ្នាំ​ប៉ូវ​កម្លាំង និង​ជំនួយ​សុខភាព​ផ្លូវ​ភេទបុរស​ជាដើម ។

បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ក្រសួងសុខាភិបាល​បាន​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​ឱសថស្ថាន​ទាំងអស់​មក​ចុះបញ្ជី និង​សុំ​លិខិតអនុញ្ញាត​ពី​ក្រសួង​រួចរាល់​អស់ហើយ តែ​អ្វី​ដែល​ជា​បញ្ហា​ថ្មី​នោះ គឺ​រាល់​ការ​លក់​តាម​អន​ឡាញ ដោយ​មិន​បង្ហាញ​ទីតាំង​ជាក់លាក់ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

យ៉ាងណា មាន​មតិ​ប្រជាពលរដ្ឋ​ជា​ច្រើន លើក​ឡើងជា​សំនួរ​ទៅ​ក្រសួងសុខាភិបាល​វិញ​ថា តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា ជា​ឱសថ​ណា​ក្លែងក្លាយ​ទៅ ? តើ​ប្រជាពលរដ្ឋ​អាច​ដឹង​ថា ថ្នាំ​អី​អត់​ច្បាប់ ឬ​គ្រឿងសម្អាង​អី ដែល​ក្រសួង​មិន​អនុញ្ញាត ? ហេតុ​អី​មន្ត្រី​ជំនាញ​គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស ? បើ​គាត់​មិនមែន​ជា​អ្នកជំនាញ​ផង ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្លះ​រិះគន់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​តែ​ចរាចរ​បាន​នៅ​កម្ពុជា​នោះ បណ្ដាល​ពី​ភាព​ធូររលុង​របស់​មន្ត្រី​ព្រំដែន អាច​មាន​អំពើ​ពុក​រលួយ និង​ខ្វះ​ការ​ត្រួតពិនិត្យ​ជាដើម ។

តាម​រយៈ​ការ Comment គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​អ្នក​ចែករំលែក​ព័ត៌មាន​ពិត​» ថា ៖ «​តើ​ប្រជាជន​មាន​សង្ឃឹម​អី​ទៀត បើ​មន្ត្រី​បើក​ប្រាក់ខែ​ជាតិ​មិន​ធ្វើការ​ផង ទុក​អោយ​ថ្នាំពេទ្យ​ហូរ​ចូល​ពេញ​ហើយ​តាំង​មក​ស្រែក​ប្រាប់​ប្រជាជន​លោក​អើយ​!! តើ​ប្រទេស​ណា​គេ​ធ្វើ​ដូចនេះ ?​» ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Suos Sary» ថា ពលរដ្ឋ​គាត់​មិនដឹង​ថា ៖ ថ្នាំ​ណា​ក្រសួង​អនុញ្ញាត និង​ថ្នាំ​ណា​មិន​អនុញ្ញាត​ទេ ។ មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ធានា​ថា មិន​មាន​ថ្នាំ​ក្លែងក្លាយ និង​គ្មាន​ច្បាប់​អនុញ្ញាតិ​ចូល​មក​លក់​ក្នុង​ប្រទេស​បាន ។ ព្រោះថា រាស្ត្រ​បាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​កាក់​គ្រប់​សេន​ហើយ​រដ្ឋ​យក​លុយ​នោះ​ទៅ​បើក​ប្រាក់ខែ អោយ​មន្ត្រី​ទាំង​អស់នោះ ។ មន្ត្រី​ទាំងអស់​ត្រូវ​បម្រើ​រាស្ត្រ ព្រោះ​រាស្ត្រ​ជា​ម្ចាស់​អ្នក​អស់នោះ ។ ល្មម​ដល់​ពេល​យក​ទ្រឹស្តី​នេះ​មក​អនុវត្តន៍ អោយ​ចេញ​ជា​សកម្មភាព​ពិត​ផង​ទៅ ។

សូម​រម្លឹក​ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួង មហាផ្ទៃ បាន​ធ្វើ​ស​និ្ន​សី​ទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ថា អាជ្ញាធរ​ជំនាញ​បាន​បង្ក្រាប និង​ដកហូត​ជា​បណ្តោះអាសន្ន​នូវ​ផលិតផល​ឱសថ​ខុសច្បាប់ និង​អន់​គុណភាព​ចំនួន​៧,៥០០​កេស មាន​ទម្ងន់​ប្រហែល​៤០​តោន ស្មើនឹង ១៨៥​មុខ ។

ភាព​អនាធិបតេយ្យ នៃ​ការ​លក់​ថ្នាំពេទ្យ​ក្លែងក្លាយ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា គឺជា​ភាព​បរាជ័យ​ធំ​មួយទៀត នៃ​ការ​គ្រប់គ្រង​របស់​ក្រសួងសុខាភិបាល​។ កន្លង​មក ក្រសួងសុខាភិបាល​បាន​ត្រឹមតែ​ចេញ​សេចក្តីជូនដំណឹង​ហាមឃាត់​ការ​លក់ដូរ និង​ចរាចរណ៍​ផលិតផល​ឱសថ​ក្លែងក្លាយ ប៉ុន្តែ​មិន​បាន​ចាត់វិធានការ​តាម​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ចំពោះ​ក្រុមហ៊ុន ឬ​អ្នក​នាំ​ចូល​ផលិតផល​ឱសថ​ក្លែងក្លាយ​នេះ ។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល ចែង​ថា អ្នកលក់​ឱសថ​ក្លែងក្លាយ ត្រូវ​ទទួលទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ ហើយ​ក្នុង​ករណី​ឱសថ​ក្លែងក្លាយ​នេះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​អ​ចេតនា អ្នកលក់​ត្រូវ​មានទោស ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៣​ឆ្នាំ​បន្ថែម​ទៀត ៕