អ្នក​សុំទាន​តាម​ផ្លូវ ដែល​​ត្រូវ​បាន​រក​ឃើញ​ថា ល្មើសម្តងហើយ ​ម្តងទៀត នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​រហូត​ដល់​១​ម៉ឺន​បាត ប្រមាណ​ជាង​៣០០​ដុល្លារ និងជាប់​ពន្ធនាគារ​អតិបរមា​មួយ​ខែ ខណៈ​ដែល​ខេត្ត​ចំនួន​០៦ នឹង​ត្រូវ​ប្រកាស​ថា ជា​តំបន់​គ្មាន​អ្នក​សុំទាន ។

ខេត្ត​ចំនួន​០៦ រួម​មាន ៖ ខេត្ត​ស៊ី​ង​ប៊ុ​រី​, ប្រា​ជិន​បូ​រី​, ឡាំ​ហ្វុ​ន​, ផាត​តា​ឡាំង​, ប៊ូ​រី​រ៉ា​ម និង​សុខោទ័យ ។ ចំណែកឯ​ខេត្ត​ចំនួន​១១​ផ្សេង​ទៀត ក៏​បាន​ប្រកាស​ពី​បំណង​របស់​ខ្លួន ដាក់​ទៅ​ជា​តំបន់​គ្មាន​អ្នក​សុំទាន​ផង​ដែរ គឺ​ខេត្ត​ត្រា​, បឹង​កាន​, នគរ​ផា​នុំ​, ប៉ា​តានី​, ភា​ង​ន​, ណា​ន់​, ពេជ្រ​ប៊ូ​ន​, ផា​រ៉ា​, រ៉ាត់​ចា​ប៊ូ​រី​, ម៉េ​ហុង​សុង និង​ណុ​ង​ប៊ុ​ន​ឡាំ​ហ្វុ​ន ។

កិច្ចប្រជុំ​លើក​ទី​១ រៀបចំ​ឡើង​ដើម្បី​ពិភាក្សា​អំពី​ផែនការ​គ្រប់គ្រង​អ្នក​សុំទាន ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​សុំទាន ។

ខេត្ត​ណុ​ន​ថា​បុរី នៅ​ភាគ​កណ្តាល ប្រទេស​ថៃ បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​មាន​ភារកិច្ច កាត់​បន្ថយ​ចំនួន​អ្នក​សុំទាន ខណៈ​ខេត្ត​ត្រាង នៅ​ភាគ​ខាងត្បូង បាន​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​អ្នក​សុំទាន ដើម្បី​ជួយ​ពួក​គេ រកការងារធ្វើ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ពួក​គេ ដោយ​មិន​ដើរ​សុំទាន​គេ តទៅ​​ទៀត ។

បើ​តាម​មាត្រា​១៩ នៃ​ច្បាប់​គ្រប់គ្រង​អ្នក​សុំទាន ត្រូវ​បាន​សភា​នីតិបញ្ញត្តិ​ជាតិ​ថៃ បាន​អនុម័ត ក្នុង​ឆ្នាំ​២០១៦ បង្ហាញ​ថា អ្នក​ដែល​គេ​ចាប់​បាន​សុំទាន​នៅ​តាម​ដងផ្លូវ អាច​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អតិបរមា​មួយ​ខែ និង​ផាកពិន័យ​អតិបរមា ១​ម៉ឺន​បាត ។ ច្បាប់​នេះ​ហាមឃាត់​ការ​សុំទាន​ទាំងអស់ ហើយ​ផ្តន្ទាទោស​ចំពោះ​នរណា​ម្នាក់​ដែល​បង្ខំ ឬ​គាំទ្រ​អ្នក​ដទៃ​ដើម្បី​សុំទាន ឬ​ប្រើ​អ្នក​ដទៃ ដើម្បី​សម្រប​សម្រួលការ​សុំទាន​របស់​ពួក​គេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ហាមប្រាម មិន​អនុវត្ត​ចំពោះ​មនុស្ស​ដែល​ស្នើ​សុំ​លុយ​ពី​មិត្តភក្តិ និង​សាច់ញាតិ ឫ​ការ​រៃ​អង្គាស ដែល​ត្រូវ​បាន​អនុញ្ញាតិ​ដោយ​ច្បាប់​រៃ​អង្គាសប្រាក់ និង​ការ​រៃ​អង្គាសប្រាក់​សម្រាប់​កិច្ចការ​សាសនាទេ ។

ប៉ុន្តែ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៧ មក​រា ២០១៩ គណៈកម្មាធិការ បាន​ស្នើ​ឱ្យតម្រួត​ថៃ​ផ្តន្ទាទោស​ជនល្មើស តាម​រយៈ​ការ​ពិន័យ​តាម​កម្រិត គឺ​ពិន័យ​ចំនួន​៥០០​បាត ​(​ប្រាក់​ថៃ​) សម្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​លើក​ដំបូង ពិន័យ​២,០០០​បាត សម្រាប់​អ្នក​ល្មើស​ជា​លើក​ទី​២ ពិន័យ​៥,០០០​បាត សម្រាប់​អ្នក​ល្មើស​ជា​លើក​ទី​៣ និង​ពិន័យ ១០,០០០​បាត សម្រាប់​អ្នក​ដែល​ត្រូវ​ចាប់​បានជា​លើក​ទី​៤ ឬ​លើស​ពី​នេះ ។

គណៈកម្មាធិការ ក៏​បាន​និយាយ​ដែរ​ថា អ្នក​សុំទាន​ប្រហែល ៣,៥០០​នាក់ បាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ ។ ហើយ​កិច្ចប្រជុំ​នេះ​ក៏​បាន​ប្រកាស​អំពី​សកម្មភាព​ប្រឆាំង​នឹង​អ្នក​សុំទាន នៅ​ទូ​ទាំង​ប្រទេស​ថៃ ផង​ដែរ ៕