ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបើកប្រតិបត្តិការចុះ បង្ក្រាបហាងម៉ាស្សាកោសជប់ យីហោ បាតដៃសម្រួលសរសៃបែបបុរណខ្មែរ ដែលជ្រកក្រោមហាងផាត់មុខ និងធ្វើសក់យីហោស្រីពៅ សាឡន ដោយមានលួចលាក់បង្កប់សេវាផ្លូវភេទមួយកន្លែង និងបានឃាត់ខ្លួនបានមនុស្សចំនួន ៨នាក់ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ត្រង់ចំណុចផ្ទះលេខ៨៧EoE, តាមបណ្ដោយផ្លូវ១៣៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនោះ គឺដោយមានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាកម្មផ្លូវភេទខាងលើ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៨នាក់ ក្នុងនោះ ឃាត់ខ្លួនប្តីប្រពន្ធមួយគូដែលជាដែលជាថៅកែ ហាងម៉ាស្សាខាងលើ ដែលបុរសជាប្តីមានឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែកឯប្រពន្ធឈ្នោះ ដួង ស្រីពៅ អាយុ២៦ឆ្នាំ ស្នាក់នៅជាមួយគ្នា និងនារីម៉ាស្សាចំនួន ៥នាក់ទៀតជាជនរងគ្រោះ រួមជាមួយបុរសម្នាក់ទៀតដែលត្រូវជាភ្ញៀវ រួមទាំងវត្ថុមួយចំនួនទៀត។

ចប្ចុប្បន្នថៅកែទាំងពីរនាក់ប្តីប្រពន្ធនិងជនរងគ្រោះទាំង៥នាក់ រួមទាំងបុរសជាភ្ញៀវត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕