ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​ជាមួយ​ម្ចាស់ផ្ទះ និង​នាង​ៗ នៅ​ក្នុង​ហាង​ម៉ាស្សា យីហោ បាតដៃ​សម្រួល​សរសៃ​បែប​បុរាណ​ខ្មែរ ដែល​ជ្រក​ក្រោម​ហាង​ផាត់មុខ និង​ធ្វើ​សក់​ឈ្មោះ ស្រី​ពៅ សាឡ​ន ដែល​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវភេទ ។

ហាង​ម៉ាស្សាដែល​បាន​លួចលាក់​បង្កប់​សេវា​បម្រើ​ផ្លូវភេទ រហូត​ដល់​ចង់​ដុះ​ស្លែ​ទៅ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អ​និ​តិ​ជន​បាន សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ឆ្មក់​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ និង​វត្ថុ​តាង​មួយ​ចំនួនផង​ដែរ​ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ «​បាតដៃ​សំរួល​សរសៃ​បែប​បុរាណ​ខ្មែរ​» តាម​បណ្តោយ​ផ្លូវ​លេខ​១៣៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។

ម្ចាស់​ទីតាំង​ហាង​ម៉ាស្សា​លួច​បង្កប់​សេវា​ផ្លូវភេទ​នេះ មានឈ្មោះ​សុខ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ដួង ស្រី​ពៅ អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ រួម​និង​នារី​ម៉ាស្សា​ចំនួន​៥​នាក់​ទៀត ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ដោយ​ផ្ទាល់ បាន​បញ្ជាក់​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពី​អនុប្រធាន​នាយក ដ្ឋា​ន​ការ​ជួញដូរ​មនុស្ស និង​កម្លាំង​នគរបាល​មូលដ្ឋាន ។ ដោយ​ឃាត់ខ្លួន​នារី​ជា​ជន​រង​គ្រោះ​ចំនួន​៥​នាក់ ម្ចាស់​ទីតាំង​ប្តី​ប្រពន្ធ​២​នាក់ រួម​ទាំង​បុរស​ម្នាក់​ជា​ភ្ញៀវ​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន នារី​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​ទៅ​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អប់រំ ដោយឡែក​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់កា​បន្ត ។ ចំពោះ​ទីតាំង​ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​ប​ណ្ណោះ​អាសន្ន​៕