ភ្នំពេញ ៖ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​អស់​រយៈពេល​២១​ថ្ងៃ ដោយសារ​តែ​ស្ថានភាព​ជំងឺ​ហាក់​គ្មាន​ការ​ធូរស្រាល និង​ថ្លៃ​ចំណាយ​អស់​ជិត​១០,០០០​ម៉ឺន​ដុល្លារ តារា​កំប្លែង​វ័យ​ចំណាស់​នាយ សាន​ម៉ៅ ឈ្មោះ​ពិត លោក ធូ ចំ​រ៉ុ​ង ត្រូវ​បាន​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​របស់​ប្រទេស​ថៃ ។

បើ​តាម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​លក្ខណា បាន​រៀបរាប់​ថា តារា​កំប្លែង​មាន​ប្រជាប្រិយភាព​នាយ សាន ម៉ៅ ដោយ​ការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​​ស្រុក​ខ្មែរ​ហាក់​មិនសូវ​ទទួល​បាន​ផល និង​កាន់តែ​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ផង​នោះ មុន​នេះ​នាយ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង នា​ទឹកដី​ប្រទេស​ថៃ ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បញ្ជាក់​ថា ពេល​នេះ លោកពូ សាន ម៉ៅ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ ដែល​ស្ថិត​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ កំឡុង​ពេល​លោកពូ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ខ្មែរ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​រយៈពេល​២១​ថ្ងៃ គាត់​ចំណាយ​អស់​ជិត​១០,០០០​ម៉ឺន​ដុល្លារ​។ គ្រួសារ​របស់​លោកពូ​បាន​យក​ផ្ទះ និង​ឡាន ទៅ​បញ្ចាំ​បាន​ថវិកា​ចំនួន​១៥.០០០​ដុល្លារ ដើម្បី​យក​លោកពូ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ ។

តារា​ស្រី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បន្ត​ទៀត​ថា ហើយ​មក​ដល់​ពេល​នេះ គឺ​គាត់​បាន​ចំណាយ​លើ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី ភ្នំពេញ​ដល់​ព្រំដែន​ខ្មែរ​ថៃ​អស់​៣,០០០​ដុល្លារ ហើយ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី​ព្រំដែន​ខ្មែរ​ថៃ ទៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ គឺ​ចំណាយ​អស់​ជាង​៧,០០០​បាត​នេះ គ្រាន់តែ​ថ្លៃ​រថយន្ត​ដឹក​អ្នកជំងឺ​ទេ ថ្លៃ​ព្យាបាល​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ ពេល​នេះ ស្ថានភាព​របស់​លោក​បាន​ធូរ​បន្តិច​ហើយ​។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោកពូ​ឆាប់​ជា​ពី​ជំងឺ​ទាំងឡាយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាយ សាន ម៉ៅ មាន​អាកា​រៈ​ជំងឺ​បេះដូង​ចំហរ និង​ហើម​សួត ហើយ​អាកា​រៈ​ជំងឺ​នេះ បាន​ធ្វើទុក្ខ​ខ្លាំង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ៕