ថៃ៖ បុរសម្នាក់ ត្រូវបានប៉ូលិសក្រុងបាងកក ចាប់ខ្លួន បន្ទាប់ពីបានធ្វើឲ្យអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងសង្កាត់ បាងកកណយ ជាច្រើនល្វែង ហើយក្នុងនោះមានផ្ទះប្រជាពលរដ្ឋចំនួន ៥ល្វែងត្រូវឆេះអស់ទាំងស្រុង ។

តាមសម្ដី របស់នារីម្នាក់ ដែលត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដែលបានលែងលះជាមួយប្រពន្ធ ២ខែរួចមកហើយនោះ បានទៅសុំប្រពន្ធជុំគ្នាវិញ តែប្រពន្ធមិនព្រម រហូតដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានមកម្ដងទៀត ហើយពេលនោះស្ត្រីជាអតីតប្រពន្ធមិននៅផ្ទះ ជនសង្ស័យក៏បានរើខោអាវដុត រហូតដល់រាលដាលឆេះផ្ទះប្រជាពលរដ្ឋជាច្រើនល្វែង ។
ក្រោយមកក្រុមពន្លត់អគ្គិសភ័យក៏បានចុះមកដល់ កន្លែងកើតហេតុ ដោយប្រើពេល កន្លះម៉ោង ទើបអាចគ្រប់គ្រងស្ថានភាពបាន ប៉ុន្តែយ៉ាងណាមិញ មានផ្ទះចំនួន ៥ល្វែងបានឆេះអស់ទាំងស្រុង ។

ក្រោយកើតហេតុ ប៉ូលិសក៏បានចាប់ខ្លួនជនសង្ស័យ ដោយរកឃើញថា ជនសង្ស័យជាមនុស្សញៀនថ្នាំ និងធ្លាប់ជាប់ពន្ធនាគាររយៈពេល ៦ខែម្ដងរួចហើយ ។ យ៉ាងណាមិញ បន្ទាប់ពីចាប់ខ្លួន ប៉ូលិសមិនអាចនាំជនសង្ស័យទៅធ្វើត្រាប់បានឡើយ ព្រោះតែប្រជាពលរដ្ឋរងគ្រោះមានប្រមាណ ៤០នាក់ ខឹងសម្បាយ៉ាងខ្លាំង ខ្លាចមិនអាចគ្រប់គ្រងស្ថានការបាន បង្កឲ្យមានហិង្សាកើតឡើង ៕
សហការី KBN
ប្រភព៖ khaosod