ភ្នំពេញ ៖ ករណី​ជះ និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​តារាចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស នៅ​លើ​ឆាក​តន្ត្រី​ក្នុង​ហាង​«​សមុទ្រ​» ត្រូវ​បាន​ដោះស្រាយ​​បញ្ចប់ហើយ ដោយ​ភាគី​ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​ព្រម​សងជំងឺចិត្ត​ទៅ​ឲ្យ ទេព បូ​ព្រឹក្ស ចំនួន​១​ម៉ឺន​ដុល្លារ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ២០១៨ នេះ កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខាង​កញ្ញា និង​ជន​បង្ក បាន​ព្រមព្រៀង​ដោះស្រាយ​គ្នា​បញ្ចប់​ហើយ ដោយ​ជន​បង្ក​ព្រម​សុំ​ទោស និង​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស ដែល​ពី​មុន​កញ្ញា​ទាមទារ​១០​ម៉ឺន​ដុល្លារ ឥឡូវ​កញ្ញា​ព្រម​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ ហើយ​សម្រាប់​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​នេះ កញ្ញា​នឹង​បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំនួន​៣,០០០​ដុល្លារ ហើយ​នៅ​សល់​៧,០០០​ដុល្លារ​ទៀត ត្រូវ​ផ្តល់​ជូន​សមាគម​អ្នកសិល្បៈ​សម្រាប់​ចាត់ចែង​បន្ត ។

ចំណែកឯ ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី ក៏​បាន​ទទួលស្គាល់​កំហុស​ផង​ដែរ ដោយ​លើក​ហេតុផល​ថា មក​ពី​ខ្លួន​ស្រវឹង មិន​អាច​គ្រប់គ្រង​ស្មារតី​បាន ហើយ​សន្យា​ថា នឹង​មិន​ឲ្យ​កើត​មាន​ជា​លើក​ទី​២​ទេ ។

សូម​រម្លឹក​ថា តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា​ទេព បូ​ព្រឹក្ស ដែល​ត្រូវ​បាន​បុរស​ម្នាក់​ជះ និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​រូប​នាង ខណៈ​នាង​កំពុង​តែ​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី ក្នុង​ភោជនីយដ្ឋាន​យីហោ “​សមុទ្រ​” មាន​ទីតាំង​ស្ថិត​នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ។

កញ្ញា​ទេព បូ​ព្រឹក្ស កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកល្អក់​១ ដើម្បី​ឆ្លើយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច និង​រៀបចំ​ដាក់​ពាក្យបណ្តឹង​តាម​ផ្លូវច្បាប់​។ លុះ​ក្រោយ​ពេល​ចាក​ចេញពី​ប៉ុស្តិ៍​នគរបាល​វិញ កញ្ញា​ទេព បូ​ព្រឹក្ស បាន​បញ្ជាក់​ថា នាង​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឱ្យ​នាង​រួចរាល់​ហើយ ដោយ​ប្តឹង​ទៅ​លើ​បុរស​ដែល​គប់​កំប៉ុង​ស្រា​បៀរ​ចំ​កណ្តាល​មុខ​នាង​នោះ ទាមទារ​សំណង​ជំងឺ​ចិត្ត ចំនួន​១០​ម៉ឺន​ដុល្លារ ៕