ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​បាន​បុរស​ម្នាក់ ជះ​និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​រូប​នាង ខណៈ​នាង​កំពុង​តែ​ច្រៀង​នៅ​លើ​ឆាក​នៅ​ក្នុង​ហាង​«​សមុទ្រ​» ។

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​យីហោ «​សមុទ្រ​» ស្ថិត​នៅ​ខាងកើត​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ២០១៨​នេះ មន្ត្រី​នគរបាល​ខណ្ឌទួលគោក នៅ​មិន​ទាន់​បាន​ទទួល​ពាក្យបណ្តឹង​របស់កញ្ញា ទេព បូ​ព្រឹក្ស នៅឡើយ បើ​ទោះបី​ពេល​កើតហេតុ​ភ្លាម​ៗ នាង​និយាយ​ថា នឹង​ដាក់​ពាក្យ​ប្តឹង​លើ​បុរស​បង្ក​នោះ​ក្តី ។

នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស លោក​មាស រិ​ទ្ធី ក៏​បាន​លើក​ឡើង​ផង​ដែរ​ករណី​កញ្ញា​ទេព បូ​ព្រឹក្ស ត្រូវ​បុរស​ម្នាក់​ជះ​ស្រា​បៀរ និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​នោះ ដោយ​ថា បុរស​នោះ​គឺជា​កូន​ម្ចាស់​ហាង បន្ទាប់​ពី​កើតហេតុ ម្ចាស់​ហាង​បាន​លុប​រូបភាព​វី​ដេ​អី​កា​មេ​រា​សុវត្ថិភាព​ចោល​អស់​ ។

លោក​មាស រិ​ទ្ធី បាន​រៀបរាប់​ថា បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​អំពើ​មិន​សមរម្យ​ទៅ​លើ​តារាចម្រៀង​រូប​នេះ ជា​កូន​ម្ចាស់​ហាង​នេះ​ផ្ទាល់ តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពួក​គេ​ថា ​គ្រាន់តែ​ជា​ភ្ញៀវ​ប៉ុណ្ណោះ​។ ចំណែក​ជន​បង្កហេតុ ក៏​ត​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ហើយ​ ។

លោក​រិ​ទ្ធី ក៏​បាន​បន្ថែម​ផង​ដែរ​ថា កាមេរ៉ា​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាព​ទាំងស្រុង និង​មុខមាត់​របស់​ជន​ជះ​ស្រា​បៀរ និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​ទេព បូ​ព្រឹក្ស នោះ ត្រូវ​បាន​ម្ចាស់​ហាង​លុប​ចោល​ទាំងអស់ ដែល​មើលទៅ​ហាក់ដូចជា​គ្មាន​យុត្តិធម៌​បន្តិច​សោះឡើយ​ ។

លោក​ក៏​បាន​បញ្ជាក់​ថា យ៉ាងណា វី​ដេ​អូ​ជា​ច្រើន​ក៏​ចាប់ផ្តើម​បែកធ្លាយ​បណ្តើរ​ៗ​ហើយ​នៅ​ក្នុង​បណ្តាញ​សង្គម ​។ ហើយ​លោក​ក៏​ចង់​ឲ្យ​ភាគី​ទាំង​សងខាង​បកស្រាយ និង​ពន្យល់​ឲ្យ​បាន​ច្បាស់ ទាក់ទង​នឹង​មួយ​នេះ ដើម្បី​រក​យុ​តិ្ត​ធម៌​ជូន​តារាចម្រៀង​ខ្មែរ​។

សូមជម្រាប់ថា ក្រោយ​កើតហេតុ កញ្ញា​ទេព បូ​ព្រឹក្ស រៀបរាប់​ទាំង​អារម្មណ៍​ឈឺចាប់​ថា នាង​បាន​មក​ភោជនីយដ្ឋាន​សមុទ្រ គឺ​ត្រៀម​ច្រៀង​៦​បទ នៅ​ក្នុង​កម្មវិធី Hite X’mas Edition Party ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហៃ Hite រួច​ទៅ​ច្រៀង​មួយ​កន្លែង​ផ្សេង​ទៀត​ ។ អំឡុង​ពេល​ដែល​នាង​កំពុង​ឈរ​ច្រៀង​នៅ​ឆាក​សុខ​ៗ ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​សាច់ញាតិ​របស់​ម្ចាស់​ហាង បាន​យក​ស្រា​បៀរ​ជះ​ទៅ​លើ និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​នាង ធ្វើ​ឲ្យ​នាង​ខឹងសម្បា​ជា​ខ្លាំង​ ។ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​អ​សីលធម៌​បែ​នេះ​ហើយ បុរស​ខាងលើ និង​មិត្តភក្តិ​ផ្សេង​ទៀត​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ ។

ក្រោយ​កើតហេតុ គេ​បានឃើញ​មាន​វត្តមាន​ខាង​ឪពុក កញ្ញា​ទេព បូ​ព្រឹក្ស ក៏​ដូច​ជា​លោក​ងួ​ន ចាន់​ដេ​វីត បាន​ទៅ​ដល់​កន្លែង​កើតហេតុ លោក​ក៏​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​កន្លែង​កើតហេតុ​ដែរ​ថា កញ្ញា ទេព បូ​ព្រឹក្ស មិន​ដែល​មាន​ទំនាស់​ជា​ជន​បង្ក​នោះ​ទេ ហើយ​លោក បាន​ស្នើរ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ស្នើរ​ឲ្យ​ជន​បង្កហេតុ​ចូលខ្លួន​ដោះស្រាយ​ឲ្យ​ឆាប់​បំផុត ។

ជុំវិញ​ករណី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​កិត្តិយស ទេព បូ​ព្រឹក្ស នេះ​កញ្ញា​មានការ​ឈឺចាប់​ខឹង​រហូត​នាង​យំ​ស្រែក​យ៉ាង​ខ្លាំង ដែល​ទ​ង្វើ​មិន​ឱ្យ​តម្លៃ​អ្នកសិល្បៈ ជា​ពិសេស​គឺ​មិន​ឱ្យ​តម្លៃ​គាត់​ដែល​ជា​មនុស្ស​ស្រី​ម្នាក់ ។

ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ នាង​បាន​សួរ​រក​មូលហេតុ តែ​ត្រូវ​ជន​បង្ក​គេចខ្លួន​បាត់ នៅ​សល់​តែ​ស្ត្រី​ម្នាក់ទំនង​ជា​ថៅកែ​ហាង​ ចេញ​មុខ​មក​សម្រួល​ដោយ​និយាយ​ថា «​បើ​មិន​ស្តាប់​គាត់​ទេ ចុះ​ចេញពី​ហាង​គាត់ ដោយ​មិន​ទទួលខុសត្រូវ​» ។

ដោយឡែក សកម្មភាព​អ​សីលធម៌​របស់​បុរស​ខាងលើ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន និង​អ្នកសិល្បៈ​នានា រិះគន់​ជា​ខ្លាំង ហើយ​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​នានា ជួយ​រក​យុត្តិធម៌​ចំពោះ ទេព បូ​ប្រឹ​ក្ស ដែល​កំពុង​រង​គ្រោះ ព្រោះ​ទ​ង្វើ​រ​ជះ និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​រូប​នាង​បែប​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​កិត្តិយស​នាង ជា​តារាចម្រៀង​នោះ​ទេ ថែម​ទាំង​ជា​ការ​មើលងាយ មិន​ឱ្យ​តម្លៃ​ស្ត្រីភេទ​ទៀត​ផង ៕