ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ១៨ ខែធ្នូ ម្សិលម៉ិញនេះ មានករណីភ្ញាក់ផ្អើលពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅឋឃុំកំពង់ល្ពៅ ​ស្រុកសំឡូត ខេត្តបាត់ដំបង ដែលពួកគាត់បានអះអាងថា មានសត្វខ្លាធំមួយក្បាលចេញពីព្រៃ មកខាំគោងាប់មួយក្បាល ដែលបញ្ហានេះ បានធ្វើឱ្យពួកគាត់ព្រួយបារម្ភអំពីសុវត្ថិភាព ជាពិសេសទៅលើក្មេងៗ ។

ទាក់ទងជាមួយករណីដដែលនេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ចំពោះសត្វគោមួយក្បាលរបស់ប្រជាពលរដ្ឋឈ្មោះ ស៊ុន ភាព ដែលជាប្រជាជនរស់នៅភូមិស្ទឹងតូច ឃុំកំពុងល្ពៅ នៅស្រុកសំឡូត ខេត្តបាត់ដំបង មិនមែនងាប់ដោយសារសត្វខ្លាធំខាំឡើយ អាចជាស្នាដៃរបស់សត្វខ្លាឃ្មុំ ព្រោះមានវត្តមានខ្លាឃ្មុំជាច្រើននៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង ហើយសមត្ថកិច្ចក៏បានរកឃើញដានជើងរបស់សត្វខ្លាឃ្មុំព្រមទាំងស្នាមរបួស ដែលវាចេញពីព្រៃសំដៅទៅរកភូមិរបស់ប្រជាពលរដ្ឋផងដែរ ។

លោក កត បូរ៉ាន បានបញ្ជាក់បន្ថែមថា នេះពិតជាមានវត្តមាននៃសត្វខ្លាឃ្មុំពិតប្រាកដ ព្រោះបើពិនិត្យឃើញ មានរោម និងស្នាមក្រចកជាប់នឹងរបួសត្វគោ ដោយឡែករបៀបវាយប្រហារចំណីអាហារគឺវាខាំបំពង់កក្រោម និងខ្ទប់ចម្រុះ។

សូមបញ្ជាក់ថា នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ជាជម្រករស់នៅនៃហ្វូងខ្លាឃ្មុំព្រៃ ដែលខ្លះមានទំងន់ចាប់ពី១៤០គីឡូក្រាម ៕