ភ្នំពេញ ៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម តប​តាម​ការ​យាង​របស់​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ​។

យោង​តាម​ព្រះរាជ​សារ​ផ្ញើ​ជូន​ជនរួមជាតិ​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ អង្គ​ព្រះមហាក្សត្រ​ខ្មែរ បាន​គូសបញ្ជាក់​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​នៅ​ប្រទេស​វៀតណាម មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ព្រះ​អង្គ​នឹង​យាង​ទៅ​កាន់​ទីក្រុង​ហាណូយ និង​ទីក្រុង​ដា​ណា​ង​ផង​ដែរ ។

ក្នុង​ព្រះរាជ​សារ​ដដែល​នេះ​ព្រះ​អង្គ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុងអំឡុងពេល​អវត្តមាន​របស់​ព្រះ​អង្គ​នេះ សម្តេច​វិបុល​សេនា សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នឹង​បំពេញការងារ​ផ្សេង​ៗ ជំនួស​ព្រះ​អង្គជា​ប្រមុខរដ្ឋ​ស្តីទី ។

កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​វៀតណាម ។ ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​ព្រះករុណា ព្រះមហាក្សត្រ ក្នុង​នាម​ប្រមុខរដ្ឋ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​វប្បធម៌​ទ្វេភាគី រវាង​កម្ពុជា និង​វៀតណាម ៕