ភ្នំពេញ ៖ ក្មេង​ៗ​ស្ទាវ​ក្រុម​អ្នកលេង ប្រមាណ​ជាង​១០​នាក់ ប្រដាប់​ដោយ ចប ប៊ែ​ល ដំបង និង​ញញួរ ត្រូវ​បាន​ក្រុម​កម្មករ​រោងចក្រ​ជាង​៥០០​នាក់ អះអាង​ថា ថៅកែ​រោងចក្រ ស៊ី ធី ស្ប៉ា​ក ជួល​មក​បង្ក​ហិង្សា វាយ​មក​លើ​កម្មករ អំឡុង​ពេល​ធ្វើ​កូដកម្ម ទាមទារ​លក្ខខណ្ឌ​ប្រយោជន៍​ការងារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាង​មុខ​រោងចក្រ ដេរ​កាបូប ស៊ី ធី ស្ប៉ា​ក ផ្លូវលំ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ពី​ក្រុម​កម្មករ បានឱ្យ​ដឹង​ថា រោងចក្រ​ដេរ​កាបូប​ខាងលើ មាន​កម្មករ​បម្រើ​ការងារ​សរុប​ចំនួន​ជាង​៥០០​នាក់ បាន​កើត​ទុក​មិន សុខចិត្ត ចំពោះ​ថៅកែ​ក្រុមហ៊ុន ដែល​មិន​បាន​គោរព​លក្ខខណ្ឌ​ការងារ ដែល​ក្រសួង​ដាក់ចុះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ នេះ​កម្មករ​ទូ​ទាំង​រោងចក្រ មិន​សុខចិត្ត​ប្រមូលផ្តុំ​គ្នា ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ប្រយោជន៍​១២​ចំណុច ។

ក្រុម​កម្មករ​បន្ត​ថា ខណៈ​ដែល​ក្រុម​កម្មករ​កំពុងធ្វើការ​តវ៉ា​ដោយ​សន្តិវិធី នៅ​ខាង​មុខ​រោងចក្រ ស្រាប់តែ​លេចមុខ​ក្រុម​ក្មេង​ស្ទាវ ជើងកាង សង្ស័យ​ខាង​ថៅកែ​រោងចក្រ ជួល​មក​ប្រដាប់​ដោយ​ចប ប៉ែល ដំបង ញញួរ បាន​ព្រួត​គ្នា​ដេញ​វាយ សំពង មក​លើ​ក្រុម​កម្មករ បង្ក​ឱ្យ​មាន​អ្នក​រង​របួស ផ្អើល​ឆោឡោ​ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ ចុះ​ទៅ​អន្តរាគមន៍ តែ​ក្រុម​ក្មេង​ស្ទាវ ជើងកាង​ទាំងនោះ នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។

ការ​តវ៉ា​របស់​បងប្អូន​កម្មករ​រោងចក្រ​ខាងលើ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ កម្មករ នៅ​បន្ត​ប្រមូលផ្តុំ ខាង​មុខ​រោងចក្រ​។

សូម​ជម្រាប​ថា ជុំវិញ​ករណី​ខាងលើ​នេះ​សារព័ត៌មាន KBN នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​តំណាង​រោងចក្រ បាន​នៅឡើយ​ទេ ។ ទោះជា​យ៉ាងណា យើង​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ៕