ភ្នំពេញ​ ៖ ក្រោយ​ពី​ត្រូវ​តុលាការ​ផ្តន្ទាទោសដាក់គុក​១៨​ខែ ព្រោះ​រឿង​បាញ់​គំរាម​សម្លាប់​ប្រពន្ធ អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​មក​សាកសួរ ពាក់ព័ន្ធ​រឿង​ឆបោក​លុយកាក់​គេ​  ​។

នៅ​ពេល​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ម៉ោង​ប្រមាណ​ជា​១១និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ធ្នូ ២០១៨​នេះ ជនជាប់ចោទ​ឈ្មោះ ហូរ ចំរើន ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដឹក​តាម​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2706 ដោយ​មាន​រថយន្ត​កង​អង្គរក្សរបស់​អតីត​ឧកញ៉ា ហូរ ចំរើន បើក​តាម​ហែហមអមដំណើរផងដែរ​ ។

បើ​តាម​ប្រភពព័ត៌មានអោយដឹងថា​ បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់គុក​ព្រៃ​ស ព្រោះ​រឿង​បាញ់បោះ អតីត​ឧកញ៉ា​ ហូរ ចំរើន នៅ​មាន​បណ្តឹង​ឆបោក​ប្រាក់​ចំនួន ៣​ករណី​ទៀត ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​២០០​លាន​ដុល្លារ ដែល​ពាក់ព័ន្ធ​គម្រោង​វិនិយោគ កសាង​មន្ទីរពេទ្យ សាលារៀន នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​របស់​ក្រុមហ៊ុន​ចិន ដែល​មាន​បុរស​ជនជាតិ​ចិន ឈ្មោះ ហាន់ គឿ​ក ជាដើម​បណ្ដឹង ​។

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ អតីត​ឧកញ៉ា​រូប​នេះ ត្រូវ​បាន​ដឹក​តាម​រថយន្ត​ប្រណីត ទៅ​ដេក​ក្នុង​គុក​ព្រៃ​ស​វិញ ដើម្បី​រង​ចាំ​ការ​កាត់​បន្ថែម ពាក់ព័ន្ធ​នឹង​បទល្មើស​បោកប្រាស់​ផ្សេង​ៗ ៕