ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨នេះ ស្នងការដ្ឋាន នគរបាល ខេត្តបានវ៉ៃខ្នោះ នាយរងប៉ុស្តិ៍ស្អំ វរសេនាតូចការពារព្រំដែនគោក៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក យ៉ា សុផល​ ហៅ ទៀង ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការ ​ដើម្បីបន្តការ សួរនាំចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពរារាំងប្រតិបត្តិការ បង្ក្រាបរថយន្តដឹកឈើ២គ្រឿង និងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែរូបលោកស្រវឹងស្រា។

សូមរំឧកដែរថា កាលពី​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​រថយន្ត​ចំនួន​២​គ្រឿង លួច​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូ​ង ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៧ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ នៅ​វេលា​ម៉ោង​ចុះ​បង្ក្រាប​នោះ​ដែរ សម្រាប់​តែ​លេចមុខ​មន្ត្រី​នគរបាល​ម្នាក់ រួម​ជាមួយ​ស្នងការ​រង​ម្នាក់ ក៏​បាន​បើករថយន្ត​មក​ដល់ ហើយ​បាន​រារាំង​ប្រតិបត្តិការ​រហូត​មានការ​ជេរ​ប្រមាថ មក​លើ​កម្លាំង​សមត្ថកិច្ច​ទៀត​ផង និង​បាន​យកដៃ​ទៅ​គ្រវាស​សំដៅ​កាមេរ៉ា​ដែល​កំពុង​ថត​ពី​សកម្មភាព​ទាំងនេះ ។

មន្ត្រី​នគរបាល​ដែល​បង្ក​បញ្ហា និង​បាន​រារាំង ដល់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទាំងនោះ គឺ​មាន​អាកា​រៈ​ស្រវឹង នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ។

មន្ត្រី​នគរបាល​រូប​នេះ​មានឈ្មោះ យ៉ា សុផល តួនាទី​នាយ​រង​ប៉ុស្តិ៍​ស្អំ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦១៥ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។

នៅ​យប់​កើតហេតុ​នោះ ក្រោយមក​ស្រែក​ឡូឡា នឹង​ឈ្លោះប្រកែក​ជាមួយ​កងកម្លាំង​នគរបាល​នោះ មន្ត្រី​នគរបាល យ៉ា សុផល រួម​ជាមួយ​លោកស្នងការ​រង បាន​បើករថយន្ត​ចេញ​បាត់​ទៅ ហើយ​កងកម្លាំង​នគរបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​អូស​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​កន្លែង​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​ទៀត ។

ទោះជា​យ៉ាងណា សម្រាប់​នគរបាលឈ្មោះ​ យ៉ា សុផល នោះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ បែន រ័​ត្ន អះអាង​ថា នៅ​ពេល​នេះ​ខាង​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​សួរនាំ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ចាត់ការ​បន្ត​ទៀត ៕