ចិន៖ ថ្មីៗនេះ បុរសចិត្តធម៌ជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ រួមទាំងក្រុមការងាររបស់គាត់បានទម្លាប់លុយដុល្លារហុងកុង ដ៏ច្រើនសន្ធឹកសន្ធាប់ពីលើអគារមួយកន្លែង ស្ថិតក្នុងសហគមន៍ក្រីក្រ ដើម្បីឳ្យពលរដ្ឋនៅទីនោះរើស ។

បុរសខាងលើនេះមានឈ្មោះ ហ្វុង ឆីងគីក​ អាយុ ២៤ឆ្នាំ និងមានរហ័ស្សនាមថា បុរសក្រដាស់ ។ យោងតាមវីដេអូឃ្លីបបានបង្ហាញឳ្យឃើញថា បុរសខាងលើបានចុះពីលើរថយន្តស៊េទំនើបមួយគ្រឿង ដោយចេញមកនិយាយថា ខ្លួននឹងចែកប្រាក់ដល់ពលរដ្ឋនៅតំបន់ក្រីក្រនេះ ហើយបន្ទាប់ពីនេះ នឹងមានកម្មពិធីចែកអាហារផងដែរ ។ រំពេចនោះ ស្រាប់តែមានលុយជាច្រើនសន្ធឹកសន្ធាប់ធ្លាក់ពីលើអគារ ធ្វើឳ្យមនុស្សម្នារនៅទីនោះនាំគ្នាភ្ញាក់ផ្អើល ព្រមទាំងដណ្ដើមគ្នារើសប្រសេចប្រសាចទៀតផង ។

យ៉ាងណាមិញ ក្រោយពេលធ្វើសកម្មភាពខាងលើ ហ្វុង ឆីងគីក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទធ្វើឳ្យទីសាធារណៈមានភាពច្របូកច្របល់ ព្រមទាំងដើម្បីស៊ើបអង្កេតរកឳ្យឃើញថាលុយដ៏ច្រើននេះមានប្រភពមកពីណា ។

សូមបញ្ជាក់ថា ចំពោះកម្មពិធីចែកអាហារដល់អ្នកក្ររបស់បុរសចិត្តធម៌ខាងលើនេះ គឺត្រូវរំសាយព្រោះតែគេត្រូវបានប៉ូលិសឃាត់ខ្លួន ហើយសម្រាប់ដំណោះស្រាយយ៉ាងណានោះ នៅមិនទាន់មានប្រភពណាមួយបង្ហាញឳ្យដឹងឡើយ ៕

សហការី KBN
ប្រភព៖ kapook