តារាកូរ៉េ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងកម្មវិធីលេងហ្គេមមួយ ដោយតារាចម្រៀងដ៏ល្បីឈ្មោះ Seolhyun ដែលជាសមាជិករបស់ក្រុម AOA បានរត់ចុះពីលើឆាកភ្លាមៗ ក្នុងពេលដែលកំពុងតែសម្តែង ធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការតក់ស្លុតនិងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ ដោយហេតុការណ៍នេះ បានកើតឡើងនៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ ។

បើតាមការរៀបរាប់ ពីសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មូលហេតុដែលតារាចម្រៀងខាងលើ បានចុះពីលើឆាកសម្តែងពេលកំពុងសម្តែងនោះ គឺដោយសារតែនាងមានអាការៈចង់ក្អួត និងវិលមុខរកដួលទៀតផង ហើយហេតុការណ៍នេះ បានកើតឡើងក្នុងពេលដែលនាង ចូលរួមក្នុងព្រឹត្តិការណ៍នៃការលេងហ្គេមមួយ ក្នុងកម្មវិធី “Fortnite” ។ នៅក្នុងខណៈពេលនោះ ក្រុមសមាជិក AOA រូបនេះស្ទើតែដួលទៅហើយ តែបានសមាជិករបស់ក្រុមនាង ស្ទុះទៅជួយទប់នាងទាន់ពេលវេលា ។

បន្ទាប់ពីមានរឿងហេតុកើតឡើងខាងលើរួច តារាចម្រៀង Seolhyun បានពន្យល់ពីមូលហេតុថា នាងមានជម្ងឺគ្រុនផ្តាសាយធំ ធ្វើឲ្យនាងមានអាការៈមិនស្រួលខ្លួន ពេលកំពុងសម្តែង ហើយចំណែកឯអ្នកគាំទ្រវិញ បានជូនពរឲ្យនាងបានជាសះស្បើយក្នុងពេលឆាប់ៗផងដែរ ៕