ឆ្លងចរន្តអគ្គីសនី ឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន១១គ្រួសារ បង្កការភ្ញាក់ផ្អើល ដល់រថយន្តពន្លត់អគ្គីភ័យ ចេញមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ដោយអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះជាន់ទី៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានករណីភ្លើងឆេះផ្ទះឈើប្រក់ស័ង្កសី ខណ្ឌជា១១បន្ទប់ នៅជាន់ទី៤ យ៉ាងសន្ធោសន្ធៅ ភ្លាមនោះសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការទំនាក់ទំនងទៅការិយាល័យបង្កាបង្ក្រាប និងពន្លត់អគ្គីភ័យ អោយចេញមកអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់ភ្លាមៗ តែដោយសារនៅជាន់ទី៤ ខ្ពស់ពេកមិនអាចបាញ់ពន្លត់បាន និងស្ថានភាពនៃការឆាបឆេះខ្លាំង ទើបកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ បាននាំគ្នាបាញ់ឡើងទៅលើព្រមគ្នា និងអ្នកខ្លះទៀត បានអូសទុយោយកឡើងតាមកាំជណ្ដើរ ដើម្បីធ្វើការបាញ់ពន្លត់។

ចំពោះករណីអគ្គីភ័យខាងលើនេះ គឺខាងកំលាំងក្រុមអន្តរាគមន៍ ឡានពន្លត់អគ្គីភ័យបានជួយបាញ់ពន្លត់ បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅវេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃដដែល ។ លោក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្កាបង្ក្រាប់ និង ពន្លត់អគ្គីភ័យបានអោយដឹងថា នៅក្នុងប្រតិបត្តការណ៍ខាងលើនេះ គឺកំលាំងសមត្ថកិច្ចរបស់លោកបានទទួលព័ត៌មាន ពីសម្ថតកិច្ចខណ្ឌដូនពេញប្រាប់ថា មានករណីភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋធ្វើពីឈើប្រក់ស័ង្កសីទើបលោក បានបញ្ជាអោយចេញរថយន្តពន្លត់អគ្គីភ័យ ចំនួន២១គ្រឿង ដើម្បីអន្តរាគមន៍ អោយទាន់ពេលវេលា និងមានការសហការពីរថយន្តពន្លត់អគ្គីភ័យ ទីក្រុងកោះពេជ្រចំនួន១គ្រឿង បាញ់១គ្រឿង, ទីក្រុងជ្រោយចង្វារ OCIC ចំនួន៣គ្រឿង បាញ់៣គ្រឿង ហើយរថយន្តពន្លត់អគ្គីភ័យ មកដល់ចំណុចភ្លើងឆេះផ្ទះ សរុបទាំងអស់២១គ្រឿង ហើយប្រើប្រាស់ទឹកសរុបចំនួន២១គ្រឿងផងដែរ។

ចំពោះករណីឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន១១បន្ទប់នេះគឺ ម្ចាស់ផ្ទះស្នាក់នៅចំនួន០៥បន្ទប់ ហើយចំនួន០៦បន្ទប់ ទៀតគឺគាត់បានជួលអោយគេស្នាក់នៅ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះគឺខូចខាតទាំងស្រុង៕