ថៃ៖ ដោយសារតែគេឃើញមានសត្វក្រពើមួយក្បាលតែងតែចេញចូលផ្ទះបុរសម្នាក់ ទើបធ្វើឳ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជន ក៏ដូចជាអ្នកសារព័ត៌មានផងដែរ រហូតដល់កាលពីពេលថ្មីៗនេះ មានសារព័ត៌មានជាច្រើនក្នុងប្រទេសបានទៅសុំការអនុញ្ញាតធ្វើបទសម្ភាសន៍ពីសំណាក់ម្ចាស់ផ្ទះដែលមានឈ្មោះថាលោក ខៈ ណាធិក អាយុ ៥៣ឆ្នាំ​ រស់នៅក្នុងខេត្តពិស្ណុលោក ប្រទេសថៃ ។

លោក ខៈ ណាធិក បានឳ្យដឹងថា តាមពិតសត្វក្រពើមួយក្បាលនោះ គឺជាសត្វចិញ្ចឹមរបស់លោក មានឈ្មោះ ចៅថង ដែលត្រូវបានយកមកចិញ្ចឹមរយៈពេល ២០ឆ្នាំមកហើយ ។

លោកបន្តថា​ កាលពី ២០ឆ្នាំមុន លោកបានទិញសត្វក្រពើ ២ក្បាលយកមកចិញ្ចឹម ដោយមួយក្បាលឈ្មោះ ចៅថង និង មួយក្បាលទៀតឈ្មោះ ចៅងិន ប៉ុន្តែសម្រាប់ចៅងិន គឺលោកចិញ្ចឹមដាក់ក្នុងទ្រុងរហូតដល់បច្ចុប្បន្ន ហើយមានតែចៅថង ទេដែលលោកស្រឡាញ់វាដូចកូនបង្កើត ព្រោះវាស្លូតគួរឳ្យស្រឡាញ់ខ្លាំងណាស់ ។

ម្ចាស់ផ្ទះដដែលបានបន្តថា ហេតុផលដែលលោកចិញ្ចឹមសត្វក្រពើទាំងនេះ ព្រោះចង់ឳ្យក្មេងៗបានមើល និងឳ្យវាជួយមើលផ្ទះ ក៏ដូចជាថែរក្សាទ្រព្យសម្បត្តិផងដែរ ៕
សហការី KBN
ប្រភព៖ kapook