ពោធិ៍សាត់ ៖ បុរស​ជា​ឪពុក​អគតិ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខេត្តពោធិ៍សាត់​ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ២០១៨ នេះ​តែ​ម្តង បន្ទាប់​ពី​ជន​អប្រិយ​រូប​នេះ​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន​រហូត​នាង​មាន​ផ្ទៃពោះ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះឈ្មោះ ងួ​ន សុភាព អាយុ​៤៥​ឆ្នាំ និង​មានការ​សម្របសម្រួល​ពី​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ សមត្ថកិច្ច​បាន​កោះហៅ ជនសង្ស័យ​ឈ្មោះ សាំង សា​រុន រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​(​សុំ​លាក់​) ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​សាកសួរ និង​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​ចាប់រំលោភ​កូនស្រី​បង្កើត​ឈ្មោះ មគធ អាយុ​១៦​ឆ្នាំ តាំង​ពី​អំឡុង​ឆ្នាំ​២០១៧ រហូត​មក ។

ទាក់ទិន​ករណី​នេះ លោកស្រី ចាប យ៉​ម ស្នងការ​រង​ទទួល​បន្ទុក​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បានអោយ​ដឹង​ថា តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ​អោយ​ដឹង​ថា កន្លង​មក​រូប​គាត់​មានការ​សង្ស័យ​ថា​ប្តី និង​កូនស្រី​របស់​គាត់​ឃើញ​មាន​ភាព​ស្និត​ស្នាល​នឹង​គ្នា ហើយ​អ្នកស្រុក​ពិសេស​ពួក​ប្រុស​និយាយ​លេង​ជាមួយ​កូនស្រី​របស់​គាត់​មិន​បាន ម្យ៉ាងទៀត នៅ​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ពួក​គាត់​តែងតែ​ចូល​គេង​ក្នុង​មុង​ជាមួយ​ប្តី និង​កូនស្រី ប៉ុន្តែ​ប្តី​របស់​គាត់​តែងតែ​ដេញ​ខ្លួន​ឲ្យ​ទៅ​ដេក​នៅ​គ្រែ​ផ្សេង ចាប់តាំងពី​ពេល​នោះ​មក រូប​គាត់​មានការ​ងើ​ង​ឆ្ងល់ ហើយ​សង្កេត​ឃើញ​កូនស្រី​របស់​គាត់​នាង​មាន​សភាព​ស្លេកស្លាំង ក៏​បាន​នាំ​កូនស្រី​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទើប​មានការ​អះអាង​ពី​គ្រូពេទ្យ បាន​បញ្ជាក់​ថា កូនស្រី​របស់​ខ្លួន​មាន​ផ្ទៃពោះ​ហើយ ភ្លាម​ៗ ស្ត្រី​ជា​ម្តាយ​ក៏​នាំ​កូនស្រី​មក​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​រក​យុត្តិធម៌ ។

នៅ​ឯ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន ជនសង្ស័យ សាំង សា​រុន ក៏​បាន​សារភាព​ផង​ដែរ​ថា ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​ខ្លួនឯង បាន​សម្រេច​តាំងពី​អំឡុង​ឆ្នាំ​២០១៧ រហូត​មក​ដល់​ខែមេសា ឆ្នាំ​២០១៨ នៅ​ម៉ោង​ប្រមាណ​១២​យប់ នៅ​ចំណុច​លើ​គ្រែ ក្រោមផ្ទះ​របស់​ខ្លួន រហូត​នាង​មាន​ផ្ទៃពោះ ដោយ​គម្រាម​មិន​ឲ្យ​កូនស្រី​និយាយ​រឿងអាស្រូវ​នេះ​ប្រាប់​ម្តាយ និង​អ្នកស្រុក​ឲ្យ​ដឹង​នោះ​ឡើយ ។

ទោះជា​យ៉ាងណា លោកស្រី​ស្នងការ​រង ក៏​បានអោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​តាម​ច្បាប់ ៕