កំពង់ធំ ៖ ករណី​ប្តី​បាញ់​សម្លាប់​ប្រពន្ធ រួច​បាញ់​សម្លាប់​ខ្លួនឯង តាម​ក្រោយ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​បញ្ជាក់​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​យ៉ាង​ពិតប្រាកដ ហើយ​មុន​ថ្ងៃ​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ធ្លាប់​ឈ្លោះ​គ្នា ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ។

លោកស្នងការ​រង​បានអោយ​ដឹង​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិប​ល្ល័​ង្ល​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដោយ​ជន​ដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុវណ្ណ​រា ហៅ ខ្លឹ​ង អាយុ​៤៧​ឆ្នាំ ជា​អតីត​ទាហាន (​ស៊ី​ឈ្មោះ​ទាហាន​ពិការ​ពី​ឈ្មោះ វ៉ា​ន់ ធី កងពលតូច​អន្តរាគមន៍​លេខ​១២​ឈរជើង​នៅ​អានសេះ​ខេត្តព្រះវិហា​) បាន​បាញ់​សម្លាប់​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ អាយុ​៣៧​ឆ្នាំ ចំនួន​៤​គ្រាប់ ចំ​ឆ្អឹងខ្នង​, ទ្រូង​, បាតដៃ បន្ទាប់​ពី​បាញ់​ប្រពន្ធ​ហើយ ក៏​បាន​បាញ់​សៀតផ្កា​ខ្លួនឯង ដោយ​អាវុធ​ខ្លី ម៉ាក​វុ​ល​រ៉ូ​វែ ចំនួន​១​គ្រាប់​ទៀត បណ្តាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់ ។

បច្ចុប្បន្ន អ្នក​ទាំង​ពីរ​មានមុខ​របរ​លក់​បាយ គុយទាវ កាហ្វេ និង​លាង​រថយន្ត​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។ ពួក​គេ​ទាំង​២ បាន​បន្សល់​ទុក​កូនប្រុស​បង្កើត​ម្នាក់ ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ និង​កូនចិញ្ចឹម​ស្រី​ម្នាក់​ទៀត ឈ្មោះ រចនា អាយុ​៧​ឆ្នាំ ។

បើ​តាម​កម្លាំង​ជំនាញ និង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព ហើយ​បាន​ចេញ​ជា​លទ្ធផល​ជាបឋម​បញ្ជាក់​ថា អ្នក​ស្លាប់​ទាំង​ពីរ​នាក់ (​ប្តី​ប្រ​ព​ន្ឋ​) ពិតជា​មាន​ជម្លោះ​រឿង​ស្នេហា ដោយ​ខាង​ប្រុស​ប្រចណ្ឌ​ខាង​ស្រី ទើប​អាច​ដល់​ឈាន​ដល់​ការ​បាញ់​សម្លាប់​គ្នា​តែ​ម្តង ។

សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច ថា ករណី​បាញ់​សម្លាប់​នេះ កើតឡើង​ក្រោយ​ពេល​ស្ត្រី​ជា​ភរិយា​ត្រឡប់​មក​ពី​ហូប​ការ​សាច់ញាតិ​វិញ រួច​ហើយ​ក៏​កើតរឿង​ជជែក​ប្រកែក​គ្នា រហូត​ដល់​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ បណ្តាល​ឲ្យ​ប្តី​ប្រ​ព​ន្ឋ​ទាំង​ពីរ​នាក់ ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ដូច​គ្នា ។

ចំណែក​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​របស់​សព​ស្ត្រី​រង​គ្រោះ ដែល​ត្រូវជា​បងស្រី​បង្កើត បាន​ឲ្យ​ដឹង​ថា ប្តី​ប្រ​ព​ន្ឋ​មួយគូ​នេះ ធ្លាប់​ឈ្មោះ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ដែល​មួយ​រយៈ​កន្លង​មកនេះ ប្តី​ធ្លាប់​បាន​ច្របាច់ក​ប្រ​ព​ន្ឋ​ស្ទើរ​ស្លាប់​ម្តង​រួច​មក​ហើយ ប៉ុន្តែ​កាលនោះ មាន​បងប្អូន​ចូល​ទៅ​ទាន់ ជួយ​ទាន់​ពេលវេលា ហើយ​គាត់​ក៏​ធ្លាប់​បាន​ប្រាប់​ប្អូនស្រី​ខ្លួន​ថា ឲ្យ​តប​មាត់ ត្រូវ​តម​សម្តី ខ្លាចក្រែង​កើត​មានរឿង​ធំ ។

ប្រភព​ដដែល បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ជន​ដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា គាត់​បាន​អង្គុយ​ផឹកស្រា ABC ដោយ​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ នាង​បាន​ទៅ​ស៊ី​ការ​គេ ហើយ​កូនស្រី​ចិញ្ចឹម​ជន​រង​គ្រោះ​ឈ្មោះ រចនា នាង​នៅ​លេង​ក្នុង​ហាង​លក់​គុយទាវ រហូត​ដល់​ម៉ោង​៧​យប់ កូនស្រី អាយុ​៧​ឆ្នាំ បាន​យក​ទូរស័ព្ទ​របស់​ឪពុក ខ​ល​ទៅ​ម្ដាយ ប៉ុន្តែ​ខ​ល​ចូល ពុំ​មានការ​ឆ្លើយ​តប ។

ប្រភព​បន្ត​ទៀត​ថា កន្លះ​ម៉ោង​ក្រោយមក នៅ​មិន​ទាន់​ឃើញ​ប្រពន្ធ​ត្រឡប់​មក​ពី​ស៊ី​ការ​វិញទៀត កូនស្រី​ក៏​បាន​យក​ទូរស័ព្ទ​ចុច​ទៅ​ជា​ច្រើន​ដង តែ​ម្ដាយ នៅ​តែ​មិន​ទ​ទូល ។ បន្ទាប់​មក លោក​ប្ដី ក៏​បាន​យក​ទូរស័ព្ទ ខ​ល​ទៅ​ម្ដង ប្រពន្ធ​នៅ​តែ​មិន​ទ​ទូល​ទៀត ។ លុះ​ប្រហែលជា​០១​ម៉ោង​ក្រោយមក ទើប​ឃើញ​ប្រពន្ធ​នាង​ត្រឡប់​មក​ផ្ទះ​វិញ ចុះ​ពីលើ​រថយន្ត​តែ​ម្នាក់ឯង ហើយ​និយាយ​ថា «​ម៉េច​!​ខ្លាច​អញ​មិន​ស្គាល់​ផ្ទះ​ឬ ?» ។ ស្រប​ពេល​នោះ ប្តី​ឆ្លើយ​តប​ថា «​កូនស្រី​រចនា ជា​អ្នក​ខ​ល​ទូរស័ព្ទ​ទៅ​ទេ​» ។ និយាយ​រួច ប្រពន្ធ ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ មួយសន្ទុះ​ក្រោយមក ប្ដី​ក៏​ដើរ​ចូល​ទៅ​តាម ពេល​នោះ​នៅ​ក្នុង​បន្ទប់ ក៏​មាន​ឮ​សំលេង​ឈ្លោះ​គ្នា​ខ្លាំង​ៗ ស្រាប់តែ​ឃើញ​ប្តី​ដើរ​ចេញពី​បន្ទប់​មក​មួយ​ភ្លែត រួច​ក៏​ដើរ​ចូល​ទៅ​វិញ​ឈ្លោះប្រកែក​និង​មានការ​ប្រតាយប្រតប់​គ្នា ។ ស្រាប់តែ​ឮ​សូរ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​ឡើងជា​ច្រើន​គ្រាប់ ។ កូនប្រុស ឈ្មោះ ដេ​វីត ដែល​ដេក​នៅ​ក្នុង​បន្ទប់​ក្បែរ​នោះ ក៏​ងើប​ពី​ដេក​ស្ទុះរ​ត់ទៅ​មើល ស្រាប់​ឃើញ​ឪពុក និង​ម្ដាយ​កំពុង​តែ​ប្រតាយប្រតប់​គ្នា និង​ឮ​សំឡេង​ផ្ទុះ​មួយ​គ្រាប់​ទៀត ទើប​ដឹង​ថា ឪពុក​បាញ់​សម្លាប់​ខ្លូ​ន​ឯង​ចំ​ក្បាល ។ ភ្លាម​ៗ​នោះ ក៏​ស្ទុះរ​ត់ទៅ​មើល​ម្ដាយ ឃើញ​គាត់​មាន​សំឡេង​ខ្សាវ​ៗ ក៏​បាន​លើក​ម្តាយ ដាក់​លើ​រថយន្ត​ផ្ទាល់​ខ្លូ​ន ដឹក​ទៅ​មន្ទីរពេទ្យ ពេល​ដល់​គ្រូពេទ្យ ប្រាប់​ថា គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ សាកសព​រួច​ក៏​បាន​ប្រគល់​សព ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ នេះ ៕