Home ព័ត៌មានជាតិ

ចាប់ខ្លួនមន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ ផ្នែក​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ម្នាក់ ពីបទជួញដូរគ្រឿងញៀន ដែលធ្លាប់តែអួតថា «គ្មានអ្នកណាហ៊ានចាប់អញទេ»


ខេត្ត​កំពង់ធំ៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ ផ្នែក​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបម្នាក់ ត្រូវបានស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាប់ខ្លួនបានកាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន​ ហើយការចាប់ខ្លួននេះដែរ ធ្វើឡើងបន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ហើយប្រាប់ថា ខ្លួនទិញថ្នាំញៀនពីមន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ខាងលើ ។

ជនសង្ស័យ​ឈ្មោះ មួន វិទូ ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្តិ​៤ ល្បី​ខាង​រកស៊ី​ជួញដូរ​គ្រឿងញៀន ជា​យូរ​ឆ្នាំ​មកហើយ​ និង​តែងតែ​អួតខ្លួន​ថា គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ខ្លួន​នោះទេ ព្រោះ​ខ្លួន​ជា​មន្ដ្រី​ធំ ។ មុនឈានដល់ការចុះចាប់ខ្លួន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ហើយ​បាន​បញ្ជូន​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ទើបសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានទិញបន្តពីឈ្មោះ មួន វិទូ ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្តិ​៤ ។

បន្ទាប់ពីមានការចង្អុរបង្ហាញដូចនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​មន្ត្រីនគរបាល​រូបនោះ យោង​តាម​ការសម្របសម្រួល​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

ក្រោយឃាត់ខ្លួនបានហើយ ក៏បានបញ្ជូន​ខ្លួន​មក​ស្នងការ​ខេត្ត​កំពង់ធំ ជាមួយនឹង​វត្ថុតាងមួយចំនួនដូចជា ថ្នាំញៀន​ចំនួន​២៦​កព្ចាប់ និង ទូរស័ព្ទដៃ​២​គ្រឿង​។ ខណៈនេះ ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន នៅ​ស្នងការ​ខេត្ត​កំពង់ធំ រង់ចាំ​ការសួរនាំ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ តាម​នីតិវិធី​ច្បាប់ ៕

សហការី KBN