ភ្នំពេញ ៖ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ជួសជុល​ផ្លូវ​ដែល​ខូច​ឲ្យ​កាន់តែ​ងាយស្រួល និង​មាន​ភាព​ប្រសើរ​ឡើង​នោះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​បង្កើន​កម្មវិធី​ថ្មី​មួយ​មានឈ្មោះ​ថា «ROAD CARE» ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ផ្លូវ​ខូច​កាន់តែ​ងាយស្រួល និង​បាន​ឆាប់រហ័ស​តាម​រយៈ​ទូរស័ព្ទ​ដៃ (Smart Phone) ​។

«​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE» ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស៊ុន ចាន់​ថុ​ល នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​។

កម្មវិធី​រាយការណ៍​ព័ត៌មាន​ផ្លូវ​ខូច​នេះ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ​នេះ​ហើយ ​។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ​ មាន​ដាក់​នៅ​លើ Play Store រួចរាល់​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដូច​ជា Sumsong Huawei Oppo ជាដើម​នោះ អាច​ចូល​ទៅ​ទាញ​យក​កម្មវិធី​នេះ​មក​ប្រើប្រាស់​បាន ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់ iphone មិន​ទាន់​ទាញ​យក​មក​ប្រើ​បាន​នៅ​ឡើ​យ ដោយ​ក្រុមការងារ​បច្ចេកទេស ​កំពុង​ដាក់​សំណើ​ដាក់​បញ្ចូល​ទៅ​ក្នុង App Store ​។

កម្មវិធី​នេះ អាច​ឲ្យ​ប្រជាពលរដ្ឋ​ទាញ​យក​មក​ប្រើប្រាស់​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ថតរូប​ភាព ជង្ហុក​សម្បុកមាន់ ផ្ញើ​មក​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ភ្លាម​ៗ​។ បន្ទាប់​ពីទទួល​បាន​រូបភាព​រួច​ហើយ ក្រុមការងារ​ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ និង​ជួសជុល​ភ្លាម​ៗ ដើម្បីបង្ការ កុំ​ឲ្យ​រីក​រាលដាល​កាន់តែ​ធំ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរ​ដល់​អ្នក​ធ្វើ​ដំណើរ ។

ការ​ប្រើប្រាស់ ប្រព័ន្ធ​App​ថ្មី​នេះ គឺ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​ថតរូប​ភាព​ផ្លូវ​ខូច និង​ផ្លូវ​ដែល​មាន​សម្បុកមាន់​ច្រើន ផ្ញើ​បញ្ជូន​មក​ក្នុង ប្រព័ន្ធ​App​នេះ ដើម្បី​ក្រុមការងារ​ដោះស្រាយ​ភ្លាម​ៗ ​។ App ​នេះ មានភាពវ័យ​ឆ្លាត ​ការ​ចងក្រង​ផ្លូវ​គ្រប់​រាជធានី ខេត្ដ រង​ការ​ប៉ះពាល់ សម្បុកមាន់ និង​បាន​បង្ហាញ​កាន់តែ​ច្បាស់លាស់ ខណៈ​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ថត​ផ្ញើ​រូបភាព​ចូល​ក្នុង​ប្រព័ន្ធ​នេះ​ ។

ឯកឧត្តម ស៊ុន ចាន់ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណៈការ ធ្លាប់​អះអាង​ថា ប្រព័ន្ធ App ទំនើប​នេះ គឺ​ល្អ​ណាស់ ដោយសារ​តែ​នៅ​ពេល​ដែល​មានការ​ប​ញ្ចូ​នរូ​បម​ក​ភ្លាម​វា​ចេញ ពណ៌ ក្រហម និង​ដឹង​ព័ត៌មាន​ពិតប្រាកដ ថា​តើ​សម្បុកមាន់​នេះ ឬ​កន្លែង​ផ្លូវ​ខូច​នេះ​នៅ​ត្រង់​ណា ម្ដុំ​ណា ផ្លូវ​ណាមួយ​ ។ លើស​ពី​នេះ​ទៀត ក្នុង​ពេល​ទទួល​បាន​ព័ត៌មាន​នេះ ក្រសួង​នឹង​ផ្ដល់​ជូន ទៅ​ឱ្យ​មន្ទីរ​សាធារណការ​រាជធានី ខេត្ដ ឬ​មន្ដ្រី​ជំនាញ​ក្រសួង ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ជួសជុល សម្បុកមាន់​តាម​កន្លែង​ដែល​បាន​ខូច​នោះ​។ ឯកឧត្តម​បាន​បន្ដ​ថា ក្រោយ​ពី​ការ​ជួសជុល​កន្លែង សម្បុកមាន់​នេះ​រួច ហើយ​ថតរូប​ភាព​ដាក់​ប​ញ្ជូ​ល​ក្នុង​ប្រព័ន្ធ​App​នេះ ត្រឡប់​មក​វិញ វា​នឹង​ក្លាយ ជា​ពណ៌​បៃតង​ ។

តាម​រយៈ​ប្រព័ន្ធ App​នេះ ក៏​មាន​ដាក់​ឈ្មោះ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ទាំង​២៥ រាជធានី ខេត្ដ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ស្គាល់​មុខមន្ត្រី និង​ដាក់​បង្ហោះ​ចំនួន​ផ្លូវ​ខូច ផ្លូវ​មាន​សម្បុកមាន ប៉ុន្មាន​សរុប​ប្រចាំខែ បាន​ជួសជុល​រួច​នៅ​តាម​រាជធានី ខេត្ដ​នីមួយ​ៗ ដើម្បី​ឱ្យ​បានដឹង​ទាំងអស់​គ្នា​ផង​ដែរ​ ៕