ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨​នេះ លោកស្រី ថ្លាង ផា​ណែ​ត ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ និង​ស្ត្រី​វៀតណាម​ម្នាក់ ពី​បទ​ទិញ​ពេស្យាចារ​កុមារ និង​បទ​អូស​ទាញ​ពេស្យាចារ​កុមារ ។

សាលក្រម​តុលាការ​ក៏​បាន​បង្គាប់​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​សងជំងឺចិត្ត​ទៅ​ឲ្យ​កុមារី​ជា​ជនជាតិ​វៀតណាម​ចំ​នួ​ន៣​នាក់ ក្នុង​ទឹកប្រាក់​សរុប​ចំនួន​១២,០០០​ដុល្លារ​សហរដ្ឋអាមេរិក តែ​ក្មេង​ស្រី​ម្នាក់​ផ្សេង​ទៀត​មិន​ទាមទារ​សំណង​ជំងឺ​ចិត្ត​អ្វី​ឡើយ ។ ហើយ​សាលក្រម​នេះ​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​ជនជាប់ចោទ​កើតទុក្ខ​មិន​សុខចិត្ត​និង​ផ្ដន្ទាទោស ។

ជនជាប់ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​មាន​ទី​១​ឈ្មោះ ជា​ប្តី​ឈ្មោះ CLIVE ROBERT KING SLEY អាយុ​៦៩​ឆ្នាំ មុខរបរ​ជា​វេជ្ជបណ្ឌិត ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥១៨… និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជា សុខ​ធី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ពួក​គេ​បាន​ជួល​បន្ទប់​ខុន​ដូ ផ្លូវ​លេខ​១០៩ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ស្នាក់​នៅ​បណ្តោះអាសន្ន ។

រ៉ូ​បឹ​ត និង​ជា សុ​ចាន់​ធី ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ២៩​មេ​សា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​របស់​ពួក​គេ​ក្នុង​សង្កាត់​ទួ​ទំ​ពួ​ង​១ ខណ្ឌចំការមន ជាមួយនឹង​កុមារី​វៀតណាម​ក្មេង​ៗ៤​នាក់ ។ ពួក​គេ​ជួល​បន្ទប់​ខុន​ដូ​ក្នុង​ខណ្ឌចំការមន​ស្នាក់​នៅ តែ​បុរស​ជា​ប្តី​ឧស្សាហ៍​ចេញ​-​ចូល​ក្រៅប្រទេស ។ ក្រោយមក​បុរស​ជា​ប្តី​ក៏​មានគំនិត​ឲ្យ​ប្រពន្ធ​ដើរ​រក​ទាក់ទង​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​យក​មក​ចិញ្ចឹម​ធ្វើ​ជា​កូនធម៌ និង​ផ្តល់​ការ​រៀនសូត្រ​ដល់​ពួក​គេ ប៉ុន្តែ​ក្រោយមក​ត្រូវ​កុមារ​ទាំងនោះ​ បាន​រង​គ្រោះ​ដោយ​បុរស​នោះ​ប្រើប្រាស់​លុយកាក់​ទាក់ទាញ​ទឹក​ចិត្តជា​ថ្នូរ​នឹង​ការ​រួម​ភេទ ។

បើ​តាម​ពាក្យ​ការ​បំភ្លឺ​ពី​សំណាក់​កុមារ​រង​គ្រោះ ក៏​ដូច​ជា​ចម្លើយ​ជនសង្ស័យ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជនជាតិ​អង់គ្លេស​រូប​នោះ​បាន​លួងលោម​ទិញ​ពេស្យាចារ​កុមារ​រួម​ភេទ​ម្តង​តម្លៃ​២​ពាន់​ ទៅ​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ទទួល​បាន​ផល​ពី​កុមារ​ម្នាក់​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដែរ ។

នៅ​ក្នុង​សវនាការ​អសាធារណៈ​កាលពីដើម ខែធ្នូ លោក រ៉ូ​បឹ​ត និង​ប្រពន្ធ ​បាន​បដិសេធ ចំពោះ​ការ​ចោទប្រកាន់ ប៉ុន្តែ​អ្នក​ទាំង២គ្មាន​ភស្តុ​តាង ​ដើម្បី​ដោះ​បន្ទុក​នោះ​ឡើយ ៕